រដ្ឋបាលសាលាខេត្តកំពង់ចាម ត្រៀមរៀបចំកន្លែងបញ្ចាំងស្លាយ ពីព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម


រដ្ឋបាលសាលាខេត្តកំពង់ចាម ត្រៀមរៀបចំកន្លែងបញ្ចាំងស្លាយ ពីព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នាពេលខាងមុខនេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ ដែលជ្រេីសយកទីតាំងលេីសូនច្បារមុខសាលាខេត្តនិងតាមក្រុងស្រុកមួយចំនួនផងដែរ។

ក្រោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសឲ្យរដ្ឋបាលរាជធានី-ខេត្តទាំងអស់រៀបចំទីកន្លែងសមរម្យដាក់ស្លាយ(LED)ផ្សាយបន្តបន្ទាល់នូវព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។ ទន្ទឹមនឹងនេះដែរ បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តកំពង់ចាម បានសម្តែងភាពសប្បាយរីករាយ បើទោះបីពួកគេមិនបានទៅទស្សនាផ្ទាល់ប៉ុន្តែពួកគេអាចទស្សនានៅតាមខេត្តបាន។ ពលរដ្ឋបានបង្ហាញពី មោទកភាពមែនទែន ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យនាវាកម្ពុជាគេទទួលស្គាល់ពេញពិភពលោក ស្របពេលឆ្នាំ២០២៣កម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនៅពេលនេះ។

លោក ស្រី សុភក្ត្រ័ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា រដ្ឋបាលខេត្តកំពង់ចាម ក្រោមការដឹកនាំពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានរៀបចំឲ្យការដាក់ស្លាយ(LED)ផ្សាយបន្តបន្ទាល់នូវព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅពេលខាងមុខនេះ ដោយបានជ្រើសយកទីតាំងលើសួនច្បារមុខសាលាខេត្ត និងឲ្យអាជ្ញាធរក្រុង-ស្រុកទាំង១០នៃខេត្តកំពង់ចាម ត្រូវរៀបចំកន្លែងផ្សាយបន្តដែរ ដូចនៅតាមទីប្រជុំជន ឬតំបន់ណាផងដែរ។

គួរបញ្ជាក់ថា ពិធីបើកកីឡាស៊ីហ្គេម លើកទី៣២ នឹងប្រព្រឹត្តទៅ នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ។ ប៉ុន្ដែមុនឈានដល់ពិធីបើកផ្លូវការ ប្រភេទកីឡាមួយចំនួន នឹងត្រូវចាប់ផ្ដើមការប្រកួតមុន ដូចជាកីឡាបាល់ទាត់ ដែលនឹងចាប់ផ្ដើមការប្រកួតពីថ្ងៃទី២៩ ខែមេសានេះតទៅ ៕