ស្រុកកងមាស ៖រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញចក្ខុវិស័យ ក្នុងការប្រែក្លាយទៅជាប្រទេស ដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេស ដែលមានប្រាក់ចំណូលខ្ពស់ក្នុងឆ្នាំ២០៥០ តាមរយៈ ការកំណត់សំណុំយុទ្ធសាស្ត្រ ដោយផ្តើមចេញពីការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយគុណភាព ផលិតភាពការងារខ្ពស់ និងសុខភាពរឹងមាំ ស្របទៅនឹងចក្ខុវិស័យ នៃផែនទីបង្ហាញផ្លូវអប់រំកម្ពុជាឆ្នាំ២០៣០ ។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា លើកឡើងយ៉ាងដូច្នេះ នៅក្នុងពិធីបើកសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ បន្ទប់សុខភាព នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅ និងការអភិវឌ្ឍម៉ូបាលអ៊ែបសុខភាពយុវជន ដែលពិធីនេះ បានធ្វើឡើងនៅបរិវេណសាលាវិទ្យាល័យខ្មៅ ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ នេះ ។ ពិធីនេះ ក៏មានការអញ្ជើញ ចូលរួម ពី ឯកឧត្ដម លោកជំទាវ ជាប្រតិភូរបស់ក្រសួងអប់រំ តំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា និងលោក លី សារ៉ារិទ្ធ អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម លោក លោកស្រី តំណាងមន្ទីរ អង្គភាព ជុំវិញខេត្ត ព្រមទាំង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ជាច្រើននាក់ ផងដែរ។