នាព្រឹក ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ លោក សុខ លឹមហៀង ប្រធានក្រុមការងារចុះជួយឃុំពាមកោះស្នា និងលោក ទុន ស៊ាង ប្រធានបក្សឃុំពាមកោះស្នា បានអញ្ជេីញបេីកកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជានៅឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ដោយក្នុងនោះដែរ មានការអញ្ជេីញចូលរួមពីលោក លោកស្រី ប្រធានក្រុមការងារចុះជួយតាមភូមិទាំង៩ភូមិ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាសរុប៣៧៧នាក់។
ជាកិច្ចដំបូង លោក ទុន ស៊ាង ប្រធានបក្សឃុំពាមកោះស្នា បានអានខ្លឹមសេចក្តីសម្រេចចិត្តមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា។
ឆ្លៀតឱកាសនោះដែរ លោក សុខ លឹមហៀង ប្រធានក្រុមការងារចុះជួយឃុំពាមកោះស្នា បានពាំនាំប្រសាសន៍ផ្តាំផ្ញេីសួសុខទុក្ខពីសំណាក់ ឯកឧត្ដម ហ៊ុន ម៉ានិត អនុប្រធានទី១ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្ទឹងត្រង់ និង ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ។ លោកប្រធានក្រុមការងារ បានថ្លែងអំណរគុណចំពោះសមាជិកសមាជិកាដែលបានបន្តគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា និងជាពិសេសស្នេីឲ្យក្រុមការងារបក្សតាមភូមិត្រូវបន្តយកចិត្តទុកដាក់ខិតខំប្រឹងប្រែងដោះស្រាយបញ្ហាជូនប្រជាជននៅមូលដ្ឋាន ទើបយើងទទួលបានការគាំទ្រ និងជ័យជម្នះលើការបោះឆ្នោតនាថ្ងៃខាងមុខ។
ទន្ទឹមនឹងនេះដែរ លោក សុខ លឹមហៀង ប្រធានក្រុមការងារចុះជួយឃុំពាមកោះស្នា ក៍បានអំពាវនាវដល់សមាជិកសមាជិកា និងក្រុមបក្សនៅតាមភូមិជួយផ្សព្វផ្សាយពីសមិទ្ធផលនានា ដែលកេីតចេញពីគណបក្សប្រជាជនកម្ពុជា ពោលគឺថែរក្សា ពង្រឹងសមាជិកគណបក្សចាស់ និងកសាងសមាជិកគណបក្សបន្ថែម។
លោក សុខ លឹមហៀង បានរំលឹកដល់សមាជិកបក្សទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០២២ សូមពិនិត្យនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររៀងៗខ្លួន តេីហួសសុពលភាពឬបាត់បង់? ត្រូវទៅធ្វេីឬបន្តសុពលភាពនៅតាមឃុំសង្កាត់ដែលខ្លួនរស់នៅ ។ ហេីយលោកប្រធានសង្ឃឹមយ៉ាងមុតមាំថាសមាជិកសមាជិកាគណបក្សទាំងអស់ ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះទាំងអស់គ្នា៕