កំពង់ចាម៖នាព្រឹកថ្ងៃអង្គារ ៩កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជា ដើម្បី សន្តិភាព និងអភិវឌ្ឍន៍ បានថ្លែងថា ទិវាអន្តរជាតិ នារី ៨មីនា ឆ្នាំ២០២៣ គឺជាការរំលែកពីតម្លៃពីការចូលរួមរបស់ស្ត្រី នាយុគសម័យឌីជីថល ក្នុងការថែរក្សាសុខសន្តិភាព និងក្នុងការពន្លឿនកិច្ចអភិវឌ្ឍលើគ្រប់វិស័យ ។ ថ្លែងយ៉ាងដូច្នេះ នៅក្នុងឱកាសដែលលោកជំទាវ អញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ២០២៣ ខួបទី១១២ និងបូកសរុបការងារ ឆ្នាំ២០២២ និងលើកទិសដៅបន្តឆ្នាំ២០២៣ របស់សាខាសមាគមនារី និងក្រុមចលនាស្ត្រីខេត្តកំពង់ចាម ។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើ សួរសុខទុក្ខ ការនឹករលឹក និងផ្ញើនូវសារ ជូនពរ សព្វសាធុការពរ របស់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធាន កិត្តិយស សមាគមនារីកម្ពុជា ដើម្បី សន្តិភាព និងអភិវឌ្ឍន៍ ជូនដល់ឯកឧត្តម លោកជំទាវ សមាជិក-សមាជិកា ទាំងអស់ ដែលបានចូលរួម ក្នុងកម្មវិធី នាថ្ងៃនេះ។
លោកជំទាវបានបន្តទៀតថា ៖ ចំពោះ ខ្លឹមសារ នៃព្រះរាជសារ ព្រះបរមនាម ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលអានដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃ គណៈ អភិបាល ខេត្តកំពង់ចាម បានបញ្ជាក់អំពីការយកព្រះទ័យទុកដាក់ ចំពោះ កូនចៅ ចៅទួត របស់ព្រះអង្គ ដែលជានិច្ចកាលព្រះអង្គ គង់ជា ម្លប់ ដ៏ ត្រជាក់ត្រជុំសម្រាប់កូនចៅ ចៅទួតទាំងគ្នាក្នុងព្រះរាជាណាចក្រកម្ពុជា យើងនេះ។
ការប្រារព្ធពិធីរំលឹក ខួបទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ ខួបទី១១២ ។ ដោយឡែក សម្រាប់ប្រទេសកម្ពុជាយើងទើបតែខួបលើកទី ៤៤ឆ្នាំ ប៉ុណ្ណោះ ដែលប្រព្រឹត្តទៅក្រោមមូលបទ «ស្រ្តីរួមគ្នា រក្សាសុខសន្តិភាព ដើម្បី កិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល» គឺគោលបំណងបន្តរំលេចពីតម្លៃពីការចូលរួម របស់ស្ត្រីក្នុងការថែរក្សាសុខសន្តិភាព ក៏ដូចជា កំពុងចូលរួមយ៉ាងសកម្ម ក្នុងការពន្លឿនកិច្ចអភិវឌ្ឍលើគ្រប់វិស័យ។ ក្នុងភាពជាដៃគូ ប្រជាពលរដ្ឋកម្ពុជា ទាំងស្ត្រី និងបុរស នឹងចូលរួមដោយស្មើភាពនិងស្មើសិទ្ធិ ជាមួយ ប្រជាពលរដ្ឋ នៃបណ្តាប្រទេសនានា ទាំងក្នុងតំបន់និងសកលលោក ជាពិសេស នៅក្នុងយុគសម័យឌីជីថល និងនៅក្នុងរបៀបវារៈស្តារសេដ្ឋកិច្ច-សង្គម ក្រោយ វិបត្តិកូវីដ១៩ ក៏ដូចជាការកសាងភាពធន់ ភាពរឹងមាំ និងការអភិវឌ្ឍ ប្រកប ដោយចីរភាព។ ដូច្នេះ ដើម្បី ឆ្លើយតបនឹងមូលបទនេះ យើងត្រូវរួមគ្នាបន្តលើកកម្ពស់ និង ជំរុញ ការអនុវត្តគោលនយោបាយសមភាពយេនឌ័ររបស់រាជរដ្ឋាភិបាល ដែលបានចាត់ ទុកស្រ្តីជាឆ្អឹងខ្នង នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ និងការងារបញ្ច្រាប យេនឌ័រ ដែលជាកិច្ចការអន្តរវិស័យក្នុងយុគសម័យឌីជីថល ដែលជា ការងារអន្តរវិស័យ ក្នុងការធានាបាននូវចីរភាពនៃសុខសន្តិភាព និងពន្លឿនល្បឿន នៃកិច្ចអភិវឌ្ឍជាតិ ជាពិសេស ក្នុងយុគសម័យឌីជីថល និងការកសាងមូលដ្ឋាន ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ។
ក្នុងបរិការណ៍នេះ ការយកចិត្តទុកដាក់ និងការពង្រឹងសមភាពយេនឌ័រ នៅតែបន្តជាកិច្ចការអាទិភាព ដើម្បី ធានាស្រ្តី និងក្មេងស្រីគ្រប់រូប ទទួលបាន សមភាពនៅក្នុងគ្រប់ទិដ្ឋភាព និងនៅក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និង សង្គមកិច្ច ព្រមទាំង អនុវត្តសិទ្ធចូលរួមដោយស្មើភាពគ្នា ជាធនធានដ៏មានតម្លៃ និងជាដៃគូមិនអាចខ្វះបានជាមួយបុរស ក្នុងការអភិវឌ្ឍប្រទេសជាតិ និងរស់នៅ ក្នុងសង្គមដោយភាពថ្លៃថ្នូរ ជីវភាពល្អប្រសើរ និងប្រកបដោយសុខមាលភាព ។
ក្នុងនោះផងផងដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានក្រើនរំលឹក ដល់ប្រជាពលរដ្ឋទាំងអស់គ្នាត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមទប់ស្កាត់ទាំងអស់គ្នា ចំពោះ ជំងឺផ្តាសសាយបក្សី H5N1 ដែលមានមួយករណី បណ្តាលឲ្យកុមារីអាយុ ១១ឆ្នាំ ៦ខែ រស់នៅភូមិរលាំង ឃុំរំលេច ស្រុក ស៊ីធរកណ្តាល ខេត្តព្រៃវែង បានស្លាប់បាត់បង់ជីវិត ៕