ទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញ ប្រកាសទទួលស្គាល់ ប្រធាន អនុប្រធាន គណៈកម្មាធិការ សមាគមអតីតយុទ្ធជន កម្ពុជា ខេត្តកំពង់ចាម


(កំពង់ចាម)៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ លោក ហេង វុទ្ធីជាប្រធាន និង លោក គឹមសួរ ភីរុណ ជាអនុប្រធាន នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម ដែលពិធីនេះប្រារព្ធធ្វើឡើងនៅសាលសន្និសីទ សាលាខេត្តកំពង់ចាម ។

ក្នុងឱកាសសំណេះសំណាលជាមួយគណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្តកំពង់ចាម ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានពាំនាំនូវសេចក្តីនឹករលឹកជាខ្លាំង ពីសម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីផ្ញើជូនទៅបងប្អូន សមាជិកសមាជិកា នៃអតីតយុទ្ធជនរបស់យើង នៅតាមភូមិ ឃុំ ស្រុក ក្នុងខេត្តកំពង់ចាម

ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ទៀតថា ប្រសិនបើក្នុងករណីសមាជិក សមាជិការ មានការស្លាប់ សូមឲ្យ គណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្ត ប្រញាប់រៀបចំឯកសារដាក់ជូនទៅមន្ទីរសង្គមកិច្ចការងារ និងអតីតយុទ្ធជនខេត្ត ដើម្បីនាំយកថវិកាឧបត្ថម្ភរបស់សមាគម ៤ លានរៀល និង សាររំលែកទុក្ខ ទៅជូនគាត់បានភ្លាមៗ រីឯ ឯកសារនីតិវិធី ត្រូវធ្វើតាមក្រោយ ។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម ក៏បានសំណូមពរដល់អាជ្ញាធរខេត្ត ស្រុក ឃុំ និងប៉ុស្តិ៍រដ្ឋបាល សុំធ្វើការយកចិត្តទុកដាក់ ក្នុងការជួយមើលថែ ចំពោះសមាជិកសមាជិកាអតីតយុទ្ធជនរបស់យើងតាមរយៈការពិនិត្យមើល និងផ្ដល់ប័ណ្ណក្រីក្រជូនពួកគាត់ ដោយហេតុថាអតីតយុទ្ធជនរបស់យើង គឺពួកគាត់ភាគច្រើនជាជនក្រីក្រ ដូច្នេះប្រសិនបើពួកគាត់បានទទួលបានក្រីក្រ នោះពួកគាត់នឹងបានប្រាក់ឧបត្ថម្ភ គួបផ្សំជាមួយនឹងប្រាក់បៀវត្ស ដើម្បីយកទៅផ្គត់ផ្គង់ជីវភាពគ្រួសាររបស់ពួកគាត់ ដោះស្រាយការលំបាកបានមួយកំរិតផងដែរ ។

ជាងនៅទៅទៀត សូមក្រុមការងារ សមាគមន៍ ឆ្លៀតឱកាសចុះទៅសួរសុខទុក្ខដល់សមាជិក សមាជិកា របស់យើង នៅតាមម្លូលដ្ឋានផង ដើម្បីលើកទឹកចិត្តដល់ពួកគាត់ ដែលមានវ័យចំណាស់ ៗ ហើយនោះ បានសប្បាយចិត្ត ដែលទទួលបានការយកចិត្តទុកដាក់អំពីយើង។ ដូច្នេះសូមអាជ្ញាធរ ជួយដាស់តឿន ដល់អាជ្ញាធរថ្នាក់មូលដ្ឋាន ជួយមើលថែ ។