ស្រុកចំការលើ៖សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានចុះបានចុះមកដល់ស្រុកចំការលើ ដើម្បីផ្តល់សេវាពិនិត្យព្យាបាលជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយឥតគិតថ្លៃ។ នេះបើតាមឯកឧត្ដម ហ៊ុន ម៉ានិត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកចំការលើ ខេត្តកំពង់ចាម។
ឯកឧត្ដមបានថ្លែងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត TYDA បានចុះបំពេញបេសកកម្មរបស់ខ្លួនគ្រប់ទីកន្លែង ជួយដល់ប្រជាជនទីទ័លក្រទទួលបានសេវាពិនិត្យ ព្យាបាលដោយឥតគិតថ្លៃ និងកសាងស្នាដៃជាច្រើនក្នុងសកម្មភាពការងារសង្គម ជាពិសេសចូលរួមចំណែកយ៉ាងធំធេងក្នុងនាមជាកងទ័ពអាវស ចូលរួមទប់ស្កាត់ និងព្យាបាលអ្នកជំងឺកូវីដ ១៩ ជាមួយរាជរដ្ឋាភិបាល។ ឯកឧត្ដមបានបញ្ជាក់ថា៖«តាំងនាមឱ្យក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកចំការលើ ខេត្តកំពង់ចាម ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។ នេះបានបង្ហាញកិច្ចការងារមនុស្សធម៌ និងវប្បធម៌ចែករំលែក តាមរយៈការចូលរួមជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ផ្តល់សេវាសុខភាពជូនប្រជាជនតាមបណ្តារាជធានី-ខេត្ត ជាពិសេសប្រជាជនដែលជួបការខ្វះខាត ខ្វះលទ្ធភាព និងទីទ័លក្រ»៕