អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំប្រមូលតម្រូវការអាទិភាពក្នុងមូលដ្ឋាន សម្រាប់ការកសាងកម្មវិធីវិនិយោគបី ឆ្នាំរំកិល ២០២៤-២០២៦


កំពង់ចាម៖ នៅរសៀលថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២៣ នេះ នៅមន្ទីរផែនការខេត្ត អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានអញ្ជើញដឹកនាំ កិច្ចប្រជុំណែនាំ ស្ដីពីការប្រមូលតម្រូវការអាទិភាពរបស់មូលដ្ឋានសម្រាប់ការ កសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៤-២០២៦ និងផ្សព្វផ្សាយសៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៣-២០២៥ របស់រដ្ឋបាលខេត្តកំពង់ចាម ដោយមានការចូលរួម ពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងលោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុក និងតំណាងអង្គការសង្គមស៊ីវិល ។

ក្នុងឱកាសបើកកិច្ចប្រជុំ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានសំដែងនូវការកោតសរសើរដ៏ស្មោះ ចំពោះ ថ្នាក់ដឹកនាំ មន្ទីរអង្គភាព មន្ត្រីពាក់ព័ន្ធ និងតំណាងអង្គការមិនមែនរដ្ឋាភិបាល ដែលបានចូលរួមដំណើរការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៣-២០២៥) កន្លងមក សម្រេចបានជោគជ័យ និងបានបោះពុម្ភផ្សព្វផ្សាយនាពេលនេះ។

ឯកឧត្តម អភិបាលខេត្តបានបន្តថា កិច្ចប្រជុំនៅថ្ងៃនេះពិតជាមានសារៈសំខាន់ណាស់ ពីព្រោះបានបង្ហាញពីការអនុវត្ដនូវតួនាទី និងភារកិច្ច ស្របតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌ។ រដ្ឋបាលខេត្តបានអនុវត្តច្បាប់ គោលនយោបាយរបស់រាជរដ្ឋាភិបាល និងតាមរយៈនៃការខិតខំរួមគ្នាក្នុងការអភិវឌ្ឍន៍ដើម្បីធានាបាននូវសន្តិសុខនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សុខុមាលភាពសង្គម ហើយជីវភាពប្រជាពលរដ្ឋកាន់តែសម្បូរសប្បាយ និងរីកចម្រើនជាលំដាប់។