ឯកឧត្តម អ៊ុំភឿន គុណវុឌ្ឍ អភិបាលរងខេត្តកំពង់ចាម បាននាំយកអំណោយរបស់រដ្ឋបាលខេត្តកំពង់ចាម ចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន៣០០គ្រួសារ នៅស្រុកជើងព្រៃ


នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម អ៊ុំភឿន គុណវុឌ្ឍ អភិបាលរងខេត្ត និងជាតំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយរបស់រដ្ឋបាលខេត្តកំពង់ចាម ចែកជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ ចំនួន ៣០០គ្រួសារ ក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុំភឿន គុណវុឌ្ឍ អភិបាលរងខេត្ត បានពាំនាំប្រសាសន៍ផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាកដោយសារអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ ដេលជានិច្ចកាល ឯកឧត្តម អភិបាលខេត្តតែងតែយកចិត្តទុកដាក់ចំពោះបងប្អូនដែលកំពុងមានការខ្វះខាត ក្នុងអំឡុងពេលដែលជំងឺកូវីដ-១៩ កំពុងតែរីករាលដាល ក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ។ ឯកឧត្តមអភិបាលរង បានបន្តទៀតថា បច្ចុប្បន្ននេះយើងតែកំពុងរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវមួយនេះ រួមទាំងការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ នៅតាមក្រុង-ស្រុកចំនួន០៥ ក្នុងខេត្ត ដោយក្នុងនោះស្រុកជើងព្រៃក៏ជាគោលដៅដែលទទួលបានចាក់វ៉ាក់សាំងដោយឥតគិតថ្លៃពីរាជរដ្ឋាភិបាលកម្ពុជា។ ប៉ុន្តែទោះបីជាយ៉ាង យើងមិនមើលស្រាលទៅលើជំងឺមូយនេះបានទេ ដោយសារតែពិភពលោកកំពុងតែប្រឈមមុខខ្លាំងក្នុងការសហការណ៍គ្នាព្យាបាល ទប់ស្កាត់ នៃការរីករាលដាលជំងឺនេះកាន់ទេធំ មិនត្រឹមតែប៉ុណ្ណោះជំងឺនេះត្រូវបានបំឡែងខ្លួនកាន់តែខ្លាំងឡើង និងងាយឆ្លងជាងមុន។ ជាមួយគ្នានោះអំណោយនាពេលនេះថ្វីត្បិតតែមិនច្រើនក៏ពិតមែនប៉ុន្តែក៏អាចដោះស្រាយបញ្ហាខ្វះខាតរបស់បងប្អូនមួយចំនួនផងដែរ។

ឯកឧត្តម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មកទទួលវ៉ាក់សាំងបង្ការជម្ងឺកូវីដ ១៩ ដោយឥតគិតថ្លៃនៅតាមទីតាំងដែលរដ្ឋបាលខេត្តបានរៀបចំ។ តែយ៉ាងណាក្តី បងប្អូនក៏ត្រូវបង្កើនការការពារ ប្រុងប្រយ័ត្នថែមទៀត តាមការណែនាំរបស់ក្រសួងសុខាភិបាល នូវវិធានការពារ «៣ការពារ និង ៣កុំ» ជាពិសេស អនុវត្តការពាក់ម៉ាស់ ការលាងអសម្អាតដៃ ការរក្សាគម្លាតសុវត្តិភាពបុគ្គល និងគម្លាតសង្គម ដើម្បី កាត់ផ្តាច់ខ្សែចម្លងជម្ងឺដ៏កាចសហាវមួយនោះ នៅក្នុងសងហគមន៍កម្ពុជាយើង ផងដែរ និងត្រូវកែប្រែទម្លាប់នៃការរស់នៅ សម្របតាមបរិបទនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ជៀសផុតពីជំងឺមហាប្រល័យនេះ។

អំណោយរបស់រដ្ឋបាលខេត្តជូនដល់បងប្អូនប្រជាពលរដ្ឋទាំង ៣០០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានរួមមាន អង្ករ ២៥គីឡូក្រាម ត្រីខ ១យួរ មី១កេះ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ ១យួរ៕