ឯកឧត្តម កៅ សុខអាន អភិបាលរងខេត្តកំពង់ចាម ផ្តល់អំណោយជូនពលរដ្ឋមានជីវភាព ខ្វះខាត កំឡុងពេលកូវីដ១៩ នៅស្រុកស្ទឹងត្រង់


នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ នេះ ឯកឧត្តម កៅ សុខអាន អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈ អភិបាល ខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ បាននាំអំណោយរបស់រដ្ឋបាលខេត្ត ចែកជូន ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចំនួន ៣០គ្រួសារ ដែលរងការប៉ះពាល់ ដោយសារព្រឹត្តិការណ៍ សហគមន៍២០-កុម្ភៈ ហើយកំពុងធ្វើ ចត្តាឡីស័ក នៅតាមខ្នងផ្ទះ ស្ថិតនៅឃុំសូភាស ស្រុកស្ទឹងត្រង់។

ឯកឧត្តម កៅ សុខអាន អភិបាលរងខេត្ត បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ ឯកឧត្ដម ពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ជូនចំពោះ បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលកំពុងជួបការលំបាក ជាពិសេស ក្នុងស្ថានភាពបិទខ្ទប់ភូមិ ដែលមិនអាចចេញទៅខាងក្រៅ រកទទួលទានបាន ។ យ៉ាងណាម៉ិញ ដោយពិនិត្យឃើញបងប្អូន ដែលផ្ទុកមេរោគកូវីដ ១៩ ត្រូវយកទៅព្យាបាល ហើយក្រុមគ្រួសារ ត្រូវធ្វើ ចត្តាឡីស័កនោះ រដ្ឋបាលខេត្តកំពង់ចាម បានយកចិត្តទុកដាក់ គិតគូអំពីបញ្ហាជីវភាពរស់នៅ របស់បងប្អូន ដោយបានផ្តល់នូវ សម្ភារៈជា ឧបភោគ បរិភោគនេះ សម្រាប់ជួយដោះស្រាយ បានមួយរយៈខ្លី ផងដែរ។ ជាក់ស្តែង នៅថ្ងៃនេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម បានចាត់រូបឯកឧត្តម នាំយកអំណោយរបស់រដ្ឋបាលខេត្តកំពង់ចាម ជូនដល់បងប្អូនដែលកំពុង មានជីវភាពលំបាក ក្នុង អំឡុង ពេលឆ្លងរីករាលនៃជំងឺកូវីដ-១៩។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលរងខេត្ត បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័កទាំងអស់ ត្រូវអនុវត្តទៅតាមការ ណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេស មិនត្រូវចេញក្រៅពីតំបន់បិទខ្ទប់នេះ ជាដាច់ខាត ហើយត្រូវរក្សាឲ្យបាននូវអនាម័យជានិច្ច ។ ក្រៅពីនោះ ត្រូវចូលរួមសហការជាមួយអាជ្ញាធរ ជាពិសេស ការយកចិត្តទុកដាក់អនុវតនូវវិធានការ «៣ការពារ និង៣កុំ» ដើម្បី កាត់ផ្ដាច់ ខ្សែចម្លង នៃជម្ងឺកូវីដ ដ៏កាចសាហាវនេះ ចូលទៅក្នុងសហគមន៍ ផងដែរ ។

អំណោយរបស់រដ្ឋបាលខេត្ត ដែល ឯកឧត្តមអភិបាលរងខេត្ត នាំចែកជូនប្រជាពលរដ្ឋ ទៅតាមខ្នងផ្ទះមាន ÷ អង្ករ ២៥គ.ក្រ មី ១កេស ត្រី ១យួរ ទឹកត្រី ១យួរ និងទឹកស៊ីអ៊ីវ ១យួរ ៕