អំណោយរបស់រដ្ឋបាលខេត្កំពង់ចាមត ត្រូវបាននាំទៅចែកជូនគ្រួសារខ្វះខាតក្នុងជីវភាពក្នុងអំឡុពេលឆ្លងរីករាលនៃជំងឺកូវីដ-១៩ ចំនួន ៦៥០គ្រួសារ ក្នុងស្រុកបាធាយ


នៅព្រឹកថ្ងៃទី០១ ខែកក្តដា ឆ្នាំ២០២១ នេះ ឯកឧត្តម អ៊ុភឿន គុណវុឌ្ឍ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ អមដំណើរដោយ លោក ស្រី សុភ័ក្ត្រ ប្រធានមន្ទីរធម្មការ និងសាសនាខេតត្កំពង់ចាម និង លោក ផេន សុផល អភិបាលនៃគណៈ​អភិបាលស្រុកបាធាយ រួមជាមួយអាជ្ញាធរមូលដ្ឋាន បានអញ្ជើញនាំយកអំណោយរបស់រដ្ឋបាលខេត្ត ចែកជូនគ្រួសារខ្វះខាតក្នុងជីវភាពក្នុងអំឡុពេល នៃការឆ្លងរីករាលដាល ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ ក្នុងស្រុកបាធាយ ចំនួន ៦៥០គ្រួសារ ។
មានប្រសាសន៍សំណេះសំណាល ទៅកាន់ប្រជាជន នាឱកាសនោះ ឯកឧត្តម អ៊ុភឿន គុណវុឌ្ឍ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ និងសាកសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏ដូចជា ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ជូនចំពោះ បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលកំពុងជួបការលំបាក ជាពិសេស ក្នុងស្ថានភាពបិទខ្ទប់ភូមិ ដែលមិនអាចចេញទៅខាងក្រៅ រកទទួលទានបាន ។ យ៉ាងណាម៉ិញ ដោយពិនិត្យឃើញបងប្អូន ដែលផ្ទុកមេរោគកូវីដ ១៩ ត្រូវយកទៅព្យាបាល ហើយក្រុមគ្រួសារ ត្រូវធ្វើចត្តាឡីស័កនោះ រដ្ឋបាលខេត្តកំពង់ចាម បានយកចិត្តទុកដាក់ គិតគូអំពីបញ្ហាជីវភាពរស់នៅ របស់បងប្អូន ដោយបានផ្តល់នូវសម្ភារៈ ជាឧបភោគបរិភោគនេះ សម្រាប់ជួយដោះស្រាយ បានមួយរយៈខ្លី ផងដែរ។ ជាក់ស្តែង នៅថ្ងៃនេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចាត់រូបឯកឧត្តម ឲ្យនាំយកអំណោយរបស់រដ្ឋបាលខេត្តកំពង់ចាម ជូនដល់បងប្អូនដែលកំពុងមានជីវភាពលំបាកក្នុងអំឡុងពេលឆ្លងរីករាលនៃជំងឺកូវីដ-១៩។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលរងខេត្ត បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័កទាំងអស់ ត្រូវអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេស មិនត្រូវចេញក្រៅពីតំបន់បិទខ្ទប់នេះ ជាដាច់ខាត ហើយត្រូវរក្សាឲ្យបាននូវអនាម័យជានិច្ច ។ ក្រៅពីនោះ ត្រូវចូលរួមសហការជាមួយអាជ្ញាធរ ជាពិសេស ការយកចិត្តទុកដាក់អនុវតនូវវិធានការ «៣ការពារ និង៣កុំ» ដើម្បី កាត់ផ្ដាច់ខ្សែចម្លង នៃជម្ងឺកូវីដ ដ៏កាចសាហាវនេះ ចូលទៅក្នុងសហគមន៍ ផងដែរ ។
សូមបញ្ជាក់ជូន ផងដែរថា៖ អំណោយរដ្ឋបាលខេត្ត ដែលបានចែកជូនប្រជាពលរដ្ឋទាំង ៦៥០ គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន ៖ អង្ករ ២៥គ.ក្រ មី ១កេស ត្រីខ ១យួរ ទឹកស៊ីអ៊ីវ ១យួរ ។ អំណោយទាំងអស់នេះ រដ្ឋបាលខេត្តទទួលបានពីការជួយឧបត្ថម្ភ របស់ សមាគមសាសនាចក្រ នៃព្រះយេស៊ូគ្រិស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ៕
(ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម)