សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ព្រះមហាក្សត្រព្រុយណេ


នៅវិមានសន្តិភាព៖ នាព្រឹកថ្ងៃច័ន្ទ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទទួលជួបពិក្សាការងារជាមួយ ព្រះចៅ ស៊ុល តង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយ អ៊ីហ្សាឌី វ៉ាឌូឡាហ៍ (Haji Hassanal Bolkiah Mu’izzaddin Waddaulah) ព្រះមហាក្សត្រ នៃព្រុយណេដារូស្សាឡាម ក្នុងឱកាសដែលព្រះអង្គបាន យាងមកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០,៤១ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ និងបានបញ្ចប់កាលពីថ្ងៃទី១៣ វិច្ឆិកា ម្សិលមិញនេះ។
ក្នុងជំនួបនេះ ព្រះចៅ ស៊ុល តង់ បានសម្ដែងនូវព្រះរាជអំណរសាទរជូនចំពោះសម្ដេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ បានយ៉ាងល្អ និងយ៉ាងជោគជ័យ។ ព្រះអង្គក៏បានសំដែងនូវការសព្វព្រះរាជហឫទ័យ ចំពោះការទទួលព្រះរាជដំណើររបស់ព្រះអង្គ យាងមកបំពេញព្រះរាជទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា និងព្រះរាជដំណើរយាងមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ។
ព្រះអង្គទ្រង់ ក៏បានសំដែងនូវការសព្វព្រះរាជហឬទ័យ ចំពោះទំនាក់ទំនងរវាងព្រះរាជាណាចក្រទាំងពីរ កិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រទាំងពីរ ហើយក៏បានលើកទឹកចិត្តឲ្យមានកិច្ចសហប្រតិបត្តិការបន្តលើគ្រប់វិស័យ បន្ថែមលើកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ជាពិសេសបានស្នើឲ្យរដ្ឋមន្ត្រីកសិកម្មទាំងពីរប្រទេស សហការគ្នា លើវិស័យកសិកម្ម និងការនាំអង្ករផ្កាម្លិះចេញទៅប្រទេសព្រុយណេ ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណថ្វាយព្រះចៅស៊ុលតង់ ដែលទ្រង់បានយាងមកធ្វើទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា និងយាងចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដោយផ្ទាល់ ដែលញ៉ាំងឲ្យព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៅព្រះរាជាណាចក្រកម្ពុជា ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។
ក្នុងឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានគោរពថ្លែងអំណរគុណ ថ្វាយព្រះចៅ ស៊ុល តង់ ផងដែរ ចំពោះកិច្ចសហប្រតិបត្តិការល្អរវាងព្រះរាជាណាចក្រនៃប្រទេសទាំងពីរ ៕