នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្ដម អ៊ុំភឿន គុណវុឌ្ឍ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដឹកនាំក្រុមការងារចម្រុះថ្នាក់ខេត្តទទួលបន្ទុកស្រុកបាធាយ និងស្រុកជើងព្រៃ ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងអាជ្ញារធរមូលដា្ឋន បានអញ្ជើញចុះពិនិត្យមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលស្រុកបាធាយ និងស្រុកជើងព្រៃ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត កំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ ក្នុងឃុំសូទិព ស្រុកជើងព្រៃ។
ក្នុងឱកាសនោះឯកឧត្តម អ៊ុភឿន គុណវុឌ្ឍ អភិបាលរងខេត្ត បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្ត ដែលឯកឧត្តមតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បិទខ្ទប់ ពិសេសបងបងប្អូនដែលមានជីវភាពខ្វះខាតហើយកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ។
ឯកឧត្តមអភិបាលរងខេត្ត បានណែនាំដល់បងប្អូនដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល និងតាមដានសុខភាពរបស់បងប្អូន បើសិនមានរោគសញ្ញាសង្ស័យត្រូវរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ឬមន្រ្តីសុខាភិបាលដែលនៅក្បែរ ដើម្បីមានវិធានការទាន់ពេលវេលា។
គួរបញ្ចាក់ថា៖ អំណោយរបស់រដ្ឋបាលខេត្ត ជូនដល់រដ្ឋបាលស្រុកបាធាយ ចំនួន ៥០០០ម៉ាស និងរដ្ឋបាលស្រុកជើងព្រៃ ចំនួន៥.០០០ម៉ាស ឧបត្ថម្ភដល់កម្លាំងការពារគោលដៅមណ្ឌលចត្តាឡីស័កវិទ្យាល័យសំពងជ័យ ស្រុកជើងព្រៃ អង្ករ ២០០គីឡូក្រាម , មី ១០កេស, ទឹកសុទ្ធ ១០កេស , ត្រីខ ៥យួរ , ម៉ាស៥០០ និងឧបត្ថម្ភគ្រួសារដែលាមានជីវភាពខ្វះខាត កំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ ចំនួន ២០គ្រួសារ ដោយក្នុង០១គ្រួសារៗ ទទួលបាន៖ អង្ករ ២៥គីឡូក្រាម , មី ១កេស , ត្រីខ ១យួរ, ទឹកស៊ីអ៊ីវ ១យួរ,ម៉ាស ១ដុំ , ថវិកា២០.០០០រៀល៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម