ស្រុកកោះសូទិន៖នាព្រឹកថ្ងៃសៅរ៍ ១២ រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ស៊ូនី វង្សវិសិដ្ឋ ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងព័ត៌មាន អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលយុវជនបង្គោលបក្ស ស្តីពីការប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រុមការងារគណបក្សក្រសួងព័ត៌មាន ក្រុមការងារយុវជនគណបក្សស្រុក លោក/លោកស្រី ប្រធានគណបក្សឃុំ និងយុវជនគណបក្សឃុំជាសិក្ខាកាម សរុបប្រមាណ ៥០នាក់ នៅទីស្នាក់ការគណបក្សស្រុកកោះសូទិន ខេត្តកំពង់ចាម។
ក្នុងឱកាសនោះ ឯកឧត្តមប្រធាន បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលក្នុងការប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ឬផេក គឺដើម្បីអភិវឌ្ឍចំណេះដឹងដល់យុវជនបង្គោល ដើម្បីងាយស្រួលក្នុងការប្រើប្រាស់ គ្រប់គ្រង និងផ្សព្វផ្សាយព័ត៌មាននៅក្នុងមូលដ្ឋានខ្លួនឱ្យបានទាន់ពេលវេលា ទូលំទូលាយ និងគ្រប់ជ្រុងជ្រោយ។
ឯកឧត្តម ស៊ូនី វង្សវិសិដ្ឋ ក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវប្រើចំណេះដឹងពីវគ្គបណ្តុះបណ្តាលនេះឱ្យចំគោលដៅ ដោយត្រូវបង្កើនការផ្សព្វផ្សាយពីសមិទ្ធផលគណបក្សប្រជាជនកម្ពុជា ការអភិវឌ្ឍមូលដ្ឋាន ព្រមទាំងសកម្មភាពនានានៅក្នុងមូលដ្ឋានដែលបម្រើផលប្រយោជន៍បក្ស ឱ្យបានជ្រួតជ្រាបកាន់តែខ្លាំងថែមទៀតដល់ប្រជាពលរដ្ឋនៅមូលដ្ឋានផង និងប្រជាពលរដ្ឋនៅទូទាំងប្រទេសផងដែរ។