ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បន្តចែកពូជស្រូវ ជូនប្រជាកសិករ ស្រុកំពង់សៀម និងបានបន្តចុះពិនិត្យ ការសាបស្រូវពូជរបស់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់


កំពង់ចាម ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញចុះចែកពូជស្រូវ ជូនប្រជាកសិករដែលមានចំនួន ៤៩៧ គ្រួសារ ស្មើនឹងពូជស្រូវ ៣៣តោន ស្ថិតក្នុងឃុំចំនួន ៤ ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ពិធីចែកពូជស្រូវនោះ ក៏មានការចូលរួមពី ឯកឧត្តម ឡាំ ហេងហួត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ក្នុងឱកាសនោះថា រយៈពេល ២ ឆ្នាំកន្លងទៅ ប្រជាពលរដ្ឋក្នុងតំបន់នេះមិនធ្លាប់ជួបប្រទះរងគ្រោះ ដោយជំនន់ទឹកទន្លេមេគង្គនោះទេ ដោយទឹកទន្លេមានត្រឹមតែកម្ពស់១២ ម៉ែត្រប៉ុណ្ណោះ ទើបតែឆ្នាំ ២០២២ នេះ ទឹកទន្លេមេគង្គឡើងកម្ពស់រហូតដល់ជាង ១៤ ម៉ែត្រ ធ្វើឱ្យស្រូវប្រជាពលរដ្ឋជាច្រើនហិកតា បានរងគ្រោះខូចខាត ។ ប៉ុន្តែយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាល និងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បាននាំពូជស្រូវយកមកចែកជូនបងប្អូន ដើម្បីដាំស្ដារឡើងវិញ បានទាន់ពេលវេលា។

បន្ថែម​ពី​លើ​ការ​ចែក​ស្រូវ​ពូជ ឯកឧត្តម រដ្ឋមន្ត្រី បានចុះពិនិត្យផ្ទៃដីដែលបានស្ដារដោយផ្ទាល់ ហើយសង្កេតឃើញថា នៅតំបន់ខ្លះ បងប្អូនកសិករមិនទាន់ស្ដារស្រូវវិញបាន ដោយសារផ្ទៃស្រែនៅមានកំប្លោកច្រើនពេក និងបានផ្ដាំផ្ញើដល់បងប្អូនកសិករ អំពីការប្រើប្រាស់ជីលើដីស្រែដែលកំពុងស្ដារ ធ្វើយ៉ាងណាជៀសវាងការប្រើប្រាស់ជីលើសតម្រូវការ ដែលបណ្ដាលឱ្យខាតបង់ថវិកា និងប៉ះពាល់សុខភាពលូតលាស់របស់ដំណាំស្រូវ ។

(ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម ឯកឧត្តម ឡាំ ហេងហួត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ក៏បានបន្តចុះពិនិត្យ ការសាបពូជស្រូវដែររាជរដ្ឋាភិបាលផ្តល់ជូនប្រជាពលរដ្ឋ កាលពីថ្ងៃ ១៧ ខែតុលា ឆ្នាំ២០២២ នៅស្រុកស្ទឹងត្រង់ផងដែរ ) ។