កំពង់ចាម៖ឯកឧត្ដម ហេង វណ្ណនី អភិបាលរងខេត្ត និងជាតំណាង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម ឲ្យមន្ទីរ អង្គភាព ពាក់ព័ន្ធទាំងអស់ សូមកំណត់នូវវិស័យការងារអាទិភាពរបស់ខ្លួន ឲ្យចំទិសដៅ ហើយចងក្រងជាសំណួរ ដើម្បី សួរទៅរដ្ឋបាលក្រុង ស្រុក នាពេលក្រុមការងារ ចុះអនុវត្តផ្ទាល់នោះ ពីព្រោះថា នៅពេលដែលសួរហើយ នោះរដ្ឋបាលក្រុង ស្រុក នីមួយៗ ក៏បាននឹងធ្វើការឆ្លើយតបមកវិញ ទាក់ទងទៅនឹងបញ្ហាប្រឈម រួមជាមួយនឹងតួនាទី នៃការអនុវត្តការងារមួយចំនួន បន្ទាប់ពីក្រសួង បានធ្វើប្រតិភូកម្ម ទៅឲ្យដ្ឋបាលក្រុង ស្រុកនីមួយៗ ដើម្បី គ្រប់គ្រង នាពេលកន្លងមក ផងដែរ ។ ការថ្លែងយ៉ាងដូច្នេះ នៅក្នុងឱកាស ឯកឧត្ដម ដឹកនាំកិច្ចប្រជុំប្រជុំបូកសរុបការងារ របស់ក្រុមការងារថ្នាក់ខេត្ត ចុះត្រួតពិនិត្យ ការអនុវត្តការងារតាមបណ្ដារដ្ឋបាលក្រុងស្រុក តាមវិស័យពាក់ព័ន្ធ ដែលធ្វើឡើងនៅ សាលប្រជុំសាលាខេត្ត នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ នេះ ។
ឯកឧត្ដម ហេង វណ្ណនី អភិបាលរងខេត្ត មានប្រសាសន៍ថា ជាបន្តបន្ទាប់មកនេះ មន្ទីរ អង្គភាព ពាក់ព័ន្ធ បានរៀបចំឯកសារ ដើម្បី ឆ្លើយតបទៅនឹងយន្តការ ដែលរដ្ឋបាលខេត្ត បានកំណត់ ជាពិសេស ស្របទៅនឹងគោលបំណង របស់ឯកឧត្ដមអភិបាលខេត្ត ចង់បាន ដើម្បី លើកស្ទួយវិស័យការងារ ដែលអនុវត្ត នៅក្នុងរដ្ឋបាលខេត្ត ឲ្យមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងគោលនយោបាយ វិមជ្ឈការ និងវិសហមជ្ឈការ របស់រាជរដ្ឋាភិបាលកម្ពុជា ។ ឯកឧត្ដម បានបញ្ជាក់ថា កន្លងមក មន្ទីរវិស័យនីមួយៗ គឺបានអនុវត្តវិស័យខុសៗគ្នាជាច្រើន ក្នុងនោះ យើងបានកំណត់មន្ទីរវិស័យ ប្រមាណជាង ១០ សម្រាប់ធ្វើការងារចុះត្រួតពិនិត្យ ការអនុវត្តការងារតាមបណ្ដារដ្ឋបាលក្រុង ស្រុក នាពេលខាងមុខឆាប់ៗនោះ ។ អញ្ចឹងទេ សូមឲ្យលោក លោកស្រី ជាថ្នាក់ដឹកនាំទាំងអស់ យកចិត្តទុកដាក់ លើកិច្ចការនេះ ឲ្យបានហ្មត់ចត់ ប្រកបដោយការទទួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់ ។
សូមបញ្ជាក់ដែរថា កិច្ចប្រជុំខាងលើ ក៏បានធ្វើឯកភាពគ្នា លើការកំណត់កាលបរិច្ឆេទ ទីតាំង និងកំណត់សមាសភាពចូលរួម សម្រាប់ក្រុមការងារថ្នាក់ខេត្ត ចុះអនុវត្តជាក់ស្ដែង នៅតាមមូលដ្ឋាន នៃរដ្ឋបាលក្រុងស្រុក នីមួយៗ ផងដែរ ៕