នៅសណ្ឋាគារ សុខាភ្នំពេញ៖ នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូរដ្ឋមន្ត្រីសហគមន៍ សង្គម និងវប្បធម៌អាស៊ាន ដឹកនាំដោយ រដ្ឋមន្ត្រីក្រសួងវប្បធម៌ យុវជន និងកីឡាប្រទេសព្រុយណេ មុនពេលអញ្ជើញបើកកិច្ចប្រជុំ ក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី២៨ ។
ក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ ជំរុញលើកទឹកចិត្តឱ្យរដ្ឋមន្រ្តីសហគមន៍សង្គម វប្បធម៌អាស៊ាន ពង្រឹងកិច្ចសហប្រតិបត្តិការ ឱ្យទទួលបានលទ្ធផលល្អ។
សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងដូច្នេះថា សសរស្ដម្ភសហគមន៍ ៣ គឺ សសរស្ដម្ភសហគមន៍នយោបាយ-សន្តិសុខ សសរស្ដម្ភសហគមន៍សេដ្ឋកិច្ច និង សសរស្ដម្ភ សហគមន៍ សង្គម-វប្បធម៌។ សម្តេចតេជោ ហ៊ុន សែន បានបន្តថា យើងទាំងអស់គ្នា ចូលរួមប្រជុំនៅថ្ងៃនេះ ពិតជាមានសារៈសំខាន់ណាស់។ ក្នុងន័យនេះ សម្ដេច ក៏បានលើកទឹកចិត្តឲ្យប្រតិភូទាំងមូលប្រឹងប្រែងធ្វើយ៉ាងណា ពង្រឹងកិច្ចសហប្រតិបត្តិការឲ្យដំណើរការកិច្ចប្រជុំទទួលបានលទ្ធផលល្អ ។
សូមបញ្ជាក់ថា កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍ សង្គម-វប្បធម៌អាស៊ានលើកទី២៨ មានការអញ្ជើញចូលរួមពីសំណាក់រដ្ឋមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ាន, អគ្គលេខាធិការអាស៊ាន រដ្ឋមន្ត្រីស្ថាប័នក្រោមវិស័យសហគមន៍សង្គម-វប្បធម៌អាស៊ាន ឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ាន, ឧត្តមមន្ត្រីវិស័យក្រោម សហគមន៍សង្គម-វប្បធម៌អាស៊ាន, អគ្គលេខាធិការរងអាស៊ាន, តំណាងអចិន្ត្រៃយ៍សហគមន៍សង្គម-វប្បធម៌អាស៊ាន, ប្រតិភូអម និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត នឹងពិនិត្យមើលអំពីវឌ្ឍនភាពវិស័យអាទិភាពដែលសម្រេចបានក្នុងឆ្នាំ២០២២ នៃកិច្ចប្រជុំឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី៣៣ និងបញ្ហាប្រឈមនានា ដើម្បីចូលរួមដោះស្រាយ សម្រាប់ដាក់ជូនកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ នាពេលខាងមុខ៕