នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការជុំវិញខេត្ត បានអញ្ជើញចូលរួមក្នុងពិធីបូជាសព និងរាប់បាត្រ ឧទ្ទិសកុសលផលបុណ្យ ជូនដួងវិញ្ញាណក្ខន្ធ ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទន់ ធី ដែលដែលទទួលមរណកាលនាពេលថ្មីៗនេះ ស្ថិតនៅភូមិពន្លៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
គួរបញ្ជាក់ថា ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទន់ ធី ត្រូវជាម្តាយក្មេក របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងជាជីដូនក្មេករបស់ឯកឧត្តម ហ៊ុន ម៉ានី ។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត មានការសោកស្ដាយជាពន់ពេកចំពោះការបាត់បង់ ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ដែលក្នុងមួយជីវិតរបស់លោកយាយ បានចូលរួមចំណែកលើកកម្ពស់ដល់វិស័យព្រះពុទ្ធសាសនានៅកម្ពុជា យ៉ាងច្រើនពុំអាចគណនាបាន។
ឯកឧត្តម អភិបាលខេត្ត បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទន់ ធី សូមឆាប់បានចាប់កំណើតកើតក្នុងសុគតិភព គ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕