កំពង់ចាម៖ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ នេះ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បី សន្ថិភាព និងការអភិវឌ្ឍន៍ ខេត្តកំពង់ចាម បានដឹកនាំ សហការីក្រោមឱវាទ នាំយកទេយ្យទាន គ្រឿងឧបភោគ បរិភោគ និងបច្ច័យ មួយចំនួន ដើម្បី វេរប្រគេនព្រះភិក្ខុសង្ឃគង់ចាំព្រះវស្សា ចំនួន ២វត្ត គឺ ៖ វត្តកែវប្រាសាទ ហៅ(វត្តពង្រ) នៅក្នុងឃុំរអាង និងវត្តល្ពៀក ស្ថិតនៅស្រុកកំពង់សៀម ខេត្តកំពង់ចាម។
នាឱកាសនោះ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា និងសហការីក្រោមឱវាទ បានអញ្ជើញថ្វាយភួងផ្កា បូជាទៀនធូប ចំពោះ ព្រះពុទ្ធបដិមា ដែលជាព្រះសម្មាសម្ពុទ្ធបរមគ្រូ នៃយើង និងអញ្ជើញនមសកាព្រះរតនត្រ័យ ទៅតាមកិច្ចសាសនា ព្រមទាំង អញ្ជើញចូលរួមជាមួយពុទ្ធបរិស័ទ រាប់បាត្រ បង្សុកូល ឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខ័ន្ត ចំពោះ មាតាបិតា ជីដូនជីតា និង ញាតិកាលទាំង ៧សណ្តាន ដែលបានចែកឋាន ទៅកាន់បរលោកខាងមុខ ព្រមទាំង ឧទ្ទិសដល់ដួងវិញ្ញាណក្ខ័ន្ត ទៅដល់កម្មាភិបាល យុទ្ធជន ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារកសាង អភិវឌ្ឍន៍ជាតិមាតុភូមិកម្ពុជា សូមឲ្យមកទទួលនូវផល្លានិសង្ឃ ដែលក្រុមការងារ សមាគមនារីកម្ពុជា សាខាខេត្តកំពង់ចាម បានឧទ្ទិសជូន តាមរយៈ ព្រះសង្ឃ ជាស្រែបុណ្យ ក្នុងរដូវកាលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ដោយសូមឲ្យអំណាច នៃអានិសង្ឃនេះ ជួយទ្រទ្រង់ឲ្យវិញ្ញាណក្ខ័ន្ធអ្នកទាំងនោះ បានទៅកាន់ទីសោយសុខ ក្នុងទីឋានបរមសុខ កុំបីឃ្លៀងឃ្លាត និងអាក់ខានឡើយ ។
ដោយឡែក ក្នុងឱកាសកាន់បិណ្ឌវេនទី ១១ នេះដែរ លោកជំទាវ ញូង ចរិយា បាននាំយកអំណោយជាសារ៉ុង ជូនលោកយាយ ដូនជី ស្នាក់នៅក្នុងវត្ត ប្រមាណជាង ៥០ម្នាក់ និងផ្តល់ថវិកាជូនលោកតាអាចារ្យ ព្រមទាំង កុមារា កុមារី ក្នុងម្នាក់ៗ ថវិកា ចំនួន ១.០០០រៀល ។ ជាមួយគ្នានោះដែរ លោកជំទាវ ញូង ចរិយា ក៏បានប្រគេនបច្ច័យកសាង ដល់វត្តទាំង ២ ខាងលើ ដោយក្នុង ១វត្តៗ បច្ច័យចំនួន ២លានរៀល ផងដែរ ។
គួរកត់សម្គាល់ថា តាមទំនៀមទម្លាប់ខ្មែរ ការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ មានរយៈពេល ១៥ថ្ងៃ គឺចាប់ផ្តើមធ្វើពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ។ ក្នុងនោះចាប់ពីថ្ងៃ ១រោច ដល់ ១៤រោច គឺថ្ងៃកាន់បិណ្ឌ ឬថ្ងៃដាក់បិណ្ឌ រីឯថ្ងៃ ១៥រោច គឺថ្ងៃភ្ជុំបិណ្ឌ ឬជាថ្ងៃបិណ្ឌរួម ពីព្រោះថា នៅថ្ងៃនេះ អ្នកស្រុក ឬពុទ្ធបរិស័ទជិតឆ្ងាយ តែងតែមកប្រជុំគ្នា នៅក្នុងវត្តគ្រប់ៗគ្នា ។
សូមរំលឹកដែរថា កាលពីអតីតកាល ការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌនេះ គឺធ្វើឡើង មានរយៈពេលរហូតដល់ទៅ ៣ខែ គឺស្របពេលនឹងរដូវចូលវស្សាដែរ ។ ប៉ុន្តែ តំណក្រោយៗមក ដោយសារប្រជាពលរដ្ឋ ជាពុទ្ធបរិស័ទ ជាប់មមាញឹកនឹងកិច្ចការរកទទួលទានចិញ្ចឹមជីវិត ទើបគេសម្រេចធ្វើត្រឹមតែ ១៥ថ្ងៃ វិញ ៕