កំពង់ចាម៖នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០២២ ក្រុមប្រតិបត្តិសាខា បានសហការ រៀបចំពិធីសំណេះសំណាល និង បំពាក់កន្សែង ជូនក្មួយៗ យុវសិស្ស ចំនួន ២00 នាក់ ដើម្បីបំពេញសិទ្ធិ ជាយុវជនកាកបាទក្រហមកម្ពុជា បន្ទាប់ពី ក្មួយ ៗ បានឆ្លងកាត់វគ្គបណ្តុះបណ្តាលជាមូលដ្ឋាន រួចរាល់ ដែលពិធីនេះ ស្ថិតក្រោមអធិបតីឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខា និងជាអភិបាលខេត្តកំពង់ចាម។ ពិធីនេះមាននការអញ្ជើញចូលរួម ពី ឯកឧត្តម លោកជំទាវ ជាអនុប្រធាន លោក លោកស្រី សមាជិក សមាជិកាគណៈ: កម្មាធិការសាខា ប្រធានអនុសាខាក្រុងកំពង់ចាម- ស្រុកកំពង់សៀម – លោកសាស្រ្តាចារ្យ សកលវិទ្យាធិការ លោកនាយកវិទ្យាល័យ ទីប្រឹក្សាយុវជន និងអ្នកស្ម័គ្រចិត្ត សរុប ២៨៧ នាក់ ។
ក្នុងរបាយការណ៍ស្វាគមន៍លោកទូច ឆៃ នាយកសាខា បានគូសបញ្ជាក់ថា សាលាគោលដៅ ទូទាំងខេត្ត សរុប មាន ៥០ ក្នុងនេះ មានសកលវិទ្យាល័យ ៧ និង វិទ្យាល័យ ៤៣ – មានទីប្រឹក្សាយុវជន ៨៦នាក់ ( ស្រី ៧នាក់) និងយុវជន កក្រក ២,១៨៥នាក់ ( ស្រី ១,២០៧នាក់ ) ។ លោកនាយកសាខា បានបន្តទៀតថា យុវជនកាកបាទក្រហមកម្ពុជា ទាំង ២០០នាក់ នេះ មានស្រី ១០១នាក់ មកពីវិទ្យាល័យចំនួន ៤ ក្នុងក្រុងកំពង់ចាម និង ស្រុកកំពង់សៀម រួមមាន វិទ្យាល័យតេជោហ៊ុនសែន បឹងកុក- វិទ្យាល័យព្រះសីហនុ វិទ្យាល័យដីដុះ និង វិទ្យាល័យសម្តេច ជួនណាត។
មនសប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានពាំនាំបណ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកបំផុតពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ អង្គពិធីទាំងមូល និង បានពាំនាំអនុសាសន៍ទាំង ៧ចំណុច របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធាន ជូនគណ:អធិបតី និងអង្គពិធី ពិសេស ក្រើនរំលឹកដល់ក្មួយៗ ជាយុវជន កក្រក ថ្មី ទាំងអស់ ត្រូវតែខិតខំប្រឹងប្រែងរៀនសូត្រ លត់ដំខ្លួន ក្លាយជា កូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ ហើយ ពង្រឹង និង ពង្រីកសមត្ថភាព អោយក្លាយជា ធនធានមនុស្ស ដែលមានគុណភាព ប្រកបដោយទឹកចិត្តមនុស្សធម៌ ស្ម័គ្រចិត្តលះបង់កម្លាំងកាយ ចិត្ត និង ពេលវេលា ដើម្បីធ្វើជាកម្លាំងចលករ និងជាប្រតិបត្តិករដ៏ពិតប្រាកដ របស់កាកបាទក្រហមកម្ពុជា ក្នុងការជួយដល់ជនរងគ្រោះនិងងាយរងគ្រោះបំផុត ប្រកបដោយការទទួលខុសត្រូវខ្ពស់ ស្របតាមទិសស្លោក ” ទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមកម្ពុជា ” និង ” កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល ” ។
ជាមួយនឹងការបំពាក់កន្សែងមួក ឯកឧត្តម អ៊ុន ចាន់ដា ក្នុងនាម ប្រធានគណ:កម្មាធិការ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ខេត្ត ក៏បានផ្តល់ជូនដល់ យុវជន កក្រក ទាំង ២០០នាក់- ទីប្រឹក្សាយុវជន ៤នាក់, នាយកវិទ្យាល័យ ៤នាក់ និងអ្នកស្ម័គ្រចិត្ត ២០ នាក់នូវ មួកសុវត្ថិភាព ម្នាក់ ១ ផងដែរ ៕