ដើម្បី សិក្សាលម្អិតទៅលើវឌ្ឍនភាពគម្រោង ផ្អែកតាមមូលដ្ឋានបច្ចេកទេស កាលពីរសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដំណើរដោយ ជាមួយឯកឧត្តម ញ៉ែម វ៉ាលី រដ្ឋលេខាធិការ ក្រសួងធម៌ការ និងសាសនា និងជាអគ្គលេខាធិកាក្រុមប្រឹក្សាជាតិ រណសិរ្សសាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជា រួមជាមួយនិងមន្ទីរពាក់ព័ន្ធ ក្នុងខេត្ត និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យគម្រោងកែលំអរសួនច្បារ ចាប់ពីចំណុចគល់ស្ពានគីហ្សូណា ឆ្ពោះទៅដល់ចំណុចអតីតកំពង់សាលាឡាងចាស់ ស្ថិតនៅសង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
គួរបញ្ជាក់ដែរថា ការកសាងគម្រោងកែលម្អសួនច្បារនេះ ធ្វើឡើង ដើម្បី រួមចំណែកការពារការបាក់ស្រុតច្រាំងទន្លេ និងជាផ្នែកមួយធ្វើឲ្យប្រសើរឡើងនូវសោភណ្ឌភាពក្រុង ព្រមទាំង ទុកជាទីកន្លែងសាធារណៈ សម្រាប់បងប្អូនប្រជាពលរដ្ឋដើរលំហែកាយ ផងដែរ ។ គម្រោងនេះ មានប្រវែងបណ្ដោយ ២៣២ម៉ែត្រ ទទឹង ៥៥ម៉ែត្រ និង ២៣ម៉ែត្រ ។ មកដល់បច្ចុប្បន្ន គម្រោងសម្រេចការងារសាងសង់ បានប្រមាណ ១០០%ហើយ ប៉ុន្តែ ម្ចាស់គម្រោង តម្រូវឲ្យក្រុមហ៊ុនទទួលការងារសាងស់ កែកុនលើផ្នែកខ្លះៗ ដើម្បី ត្រៀមសម្ពោធជាផ្លូវការ នាពេលខាងមុខ ៕ សារ៉ាត