អភិបាលខេត្តកំពង់ចាម ចុះពិនិត្យស្ថានភាពហេដ្ឋារចនាសម្ព័ន្ធ ក្រោយទឹកជំនន់នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម


ទោះបីជាពេលនេះ ទឹកបានស្រកចុះបន្តិចក្ដី តែតំបន់លិចលង់មួយចំនួន នៅតាមបណ្ដោយដងទន្លេមេគង្គ នាពេលកន្លងទៅ បានប្រឈមទៅនឹងកត្តាគ្រោះធម្មជាតិ នៅឡើយ ។ នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម អមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរ អង្គភាព ក្នុងខេត្ត និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យស្ថានភាពទឹក ផ្លូវ ស្ពាន និងច្រាំងទន្លេ នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

គួរកត់សម្គាល់ថា បន្ទាប់ពីទឹកស្រកចុះទៅ ផ្លូវ លូ ស្ពាន ច្រាំងទន្លេ ក្នុងតំបន់មួយចំនួន បានទទួលរងការបាក់ ស្រុត បន្តិចបន្តួច ធ្វើឲ្យប៉ះពាល់ ដល់ប្រជាពលរដ្ឋយើង ។ ជាក់ស្ដែង មកដល់បច្ចុប្បន្ននេះ ផ្លូវកៅស៊ូ និងលូ កាត់ផ្លូវ ១កន្លែង ស្ថិតនៅត្រង់ចំណុច វត្តព្រះអង្គគុហ៍ ក្នុងភូមិព្រែកសង្កែលិច ឃុំពាមកោះស្នា បានទទួលរងការស្រុត ដោយសារទឹកភ្លៀងហូរកាត់មានប្រវែងប្រមាណជាង ១០ម៉ែត្រ ។ ផ្អែកតាមស្ថានភាពនេះ ឯកឧត្ដម អភិបាលខេត្តកំពង់ចាម ក៏បានស្នើទៅដល់ជំនាញ រៀបចំរបាយការណ៍លើទំហំខូចខាត ដើម្បី ត្រៀមជួសជុលឡើងវិញ ។ ក្រៅពីនោះ ប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវនេះ សូមតោងប្រុងប្រយ័ត្នខ្ពស់ ផងដែរ ខណៈដែល បានធ្វើដំណើរឆ្លងកាត់ចំណុចខាងលើនោះ ។

ក្នុងឱកាសដដែលនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា និងប្រតិភូអមដំណើរ ក៏បានចុះពិនិត្យ ស្ថានភាពស្ពាន ១កន្លែង ស្ថិតនៅភូមិទួលរកា ស្រុកស្ទឹងត្រង់ ដែលបានទទួលរងការបាក់ស្រុតសរស ត្រង់ចំណុចកណ្ដាលស្ពាន ដោយសារទឹកហូរបុកនោះមកដល់ពេលនេះ ក្រុមការងារបច្ចេកទេស នៃមន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្តកំពង់ចាម បានធ្វើការជួសជុលកែលម្អឡើងវិញ ដោយការសាងសង់បន្ថែម នូវដែកប៉ាណូ ចំនួន ២ជួរ មានកម្ពស់ ១ជាន់ ទៀត លើប៉ាណូចាស់ ដែលមានស្រាប់ ដើម្បី ពង្រឹងតួស្ពានឲ្យចរាចរបណ្តោះអាសន្ន ដោយសម្រេចការងារបាន ១០០% ហើយ ។ បច្ចុប្បន្ននេះ ស្ពានមួយនេះ មិនតម្រូវឲ្យរថយន្តធន់ធ្ងរ បើកឆ្លងកាត់ឡើយ ពោលគឺ បានត្រឹមតែប្រភេទរថយន្តទេសចរណ៍ ប៉ុណ្ណោះ នេះបើតាមការបញ្ជាក់របស់ លោក សុខ ស៊្រុន ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ចាម នោះ ។

 ដោយឡែក ជាមួយនឹងការចុះពិនិត្យផ្លូវ លូ និងស្ពាន ខាងលើនេះដែរ ឯកឧត្ដមអភិបាលខេត្ត ក៏បានអញ្ជើញពិនិត្យស្ថានភាពច្រាំងទន្លេមេគង្គ នៅចំណុចភូមិពាមក្រៅ ឃុំពាមកោះស្នា ក៏ដូចជា នៅភូមិព្រែកស្តី និងភូមិព្រះអណ្តូងទី១ នៃុំព្រះអណ្តូង ស្រុកស្ទឹងត្រង់

លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ចាម ឲ្យដឹងថា កន្លងមក ក្រុមការងារបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម បានធ្វើការការពារច្រាំងនៅលើ ទីតាំងខាងលើ ដោយការរៀបនូវបាវប្រភេទ Geotextile bag នៅជើងក្រោមច្រាំង ក្នុងប្រវែង ១.១០០ម៉ែត្រ ។ រហូតមកដល់បច្ចុប្បន្ននេះ គម្រោងខាងលគឺមានស្ថានភាពដីដុះលើផ្នែកខ្លះៗឡើងវិញ ដែលជាកត្តានាំឲ្យជើងច្រាំង ដែលធ្លាប់តែមាន ការបាក់ស្រុតពីមុន កាន់តែរឹងមាំឡើងវិញ ។ ជាមួយនោះ ក៏នៅមានកន្លែងខ្លះ មានការរអិលបាក់ដីបន្តិចបន្តួច ពោលគឺ ផ្អែកតាមលទ្ធផលជារួម គឺអាចធានាបាន ដល់ការបាក់ស្រុតដី ហើយបងប្អូនប្រជាពលរដ្ឋយើង រស់នៅក្នុងតំបន់ប្រឈម ពុំចាំបាច់រុះរើលំនៅដ្ឋានទៀតឡើយ ។ លោកប្រធានមន្ទីរ ក៏បានសម្ដែងនូវក្ដីបារម្ភ ផងដែរ ចំពោះ កន្លែងដែលមិនទាន់បានធ្វើការការពារច្រាំង គឺនៅមានការបាក់ស្រុតដី ដែលទាមទារឲ្យមានសិក្សាលំហូរផ្លូវទឹក និងកោះមួយចំនួនត្រួវកែរសម្រួលយកចេញ ដែលការអនុវត្តបែបនេះ ត្រូវបញ្ចូនៅក្នុងផែនការថវិកា សម្រាប់គម្រោងតាមបណ្តាឆ្នាំបន្តបន្ទាប់ ។

ជាការឆ្លើយតទៅនឹងលទ្ធផល នៃការចុះពិនិត្យស្ថានភាពជាក់ស្ដែង លើទាំងឡាយនេះ ឯកឧត្តម អភិបាលខេត្ត ស្នើឲ្យមន្ត្រីជំនាញរៀបចំរបាយការណ៍លម្អិត អំពីទំហំ នៃការខូចខាតទាំងអស់នេះ ដើម្បី លើកជាផែនការថវិកាជួសជុល និងកែលម្អឡើងវិញ ។

នាឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្ត និងប្រតិភូអមដំណើរ ក៏បានអញ្ជើញថ្វាយបង្គំព្រះសង្ឃ និងប្រគេនបច្ច័យ កសាងដល់ព្រះចៅអធិការចំនួន ១លានរៀល នៅវត្តសន្ធររង្សី ភូមិអន្លង់សំឡី ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ផងដែរ