ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សា ខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីតួនាទីភារកិច្ច សិទ្ធិអំណាច និងនីតិវិធី នៃការទទួលខុសត្រូវ សម្រុះសម្រួលដោះស្រាយបណ្តឹង របស់ការិយាល័យប្រជាពលរដ្ឋខេត្ត


ស្រុកបាធាយ៖យន្តការការិយាល័យប្រជាពលរដ្ឋ គឺជាដៃគូសំខាន់ ក្នុងការជួយសម្របសម្រួលដោះស្រាយបណ្ដឹង ក្រៅប្រព័ន្ធតុលាការ និងការប្រឹក្សាយោបល់ ពាក់ព័ន្ធការផ្ដល់សេវារដ្ឋបាល និងព័ត៌មានផ្សេងៗទៀត

ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សា ខេត្តកំពង់ចាម ថ្លែងថា «យន្តការការិយាល័យប្រជាពលរដ្ឋ គឺជាដៃគូសំខាន់ មិនអាចខ្វះបាន ក្នុងការជួយសម្របសម្រួលដោះស្រាយបណ្ដឹង ក្រៅប្រព័ន្ធតុលាការ នឹងការប្រឹក្សាយោបល់ ពាក់ព័ន្ធការផ្ដល់សេវារដ្ឋបាល និងព័ត៌មានផ្សេងៗទៀត ដោយផ្អែកទៅលើច្បាប់ និងលិខិតបទដ្ឋាន ដែលជារាជរដ្ឋាភិបាល បានដាក់ចេញ» ។ ការថ្លែងបែបនេះ ក្នុងឱកាសដែល ឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីតួនាទីភារកិច្ច សិទ្ធិអំណាច និងនីតិវិធី នៃការទទួលខុសត្រូវ សម្រុះសម្រួលដោះស្រាយបណ្តឹង របស់ការិយាល័យប្រជាពលរដ្ឋខេត្ត ដែលរៀបចំ នៅរដ្ឋបាលស្រុកបាធាយ នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ នេះ ។ ពិធីនោះ ក៏មានការចូលរួមពី អាជ្ញាធរ និងមន្ត្រីមូលដ្ឋាន និងអ្នកពាក់ព័ន្ធ ជាច្រើននាក់ទៀត ផងដែរ ។

ឯកឧត្តម ខ្លូត ផន មានប្រសាសន៍បញ្ជាក់ថា ការិយាល័យប្រជាពលរដ្ឋខេត្ត គឺជាយន្តការអព្យាក្រឹត្យ សំដៅលើកកម្ពស់អភិបាលកិច្ចល្អ ក្នុងការផ្ដល់សេវា នៅក្នុងអង្គភាព ឬការិយាល័យច្រកចេញចូលតែមួយ របស់ខេត្ត ក្រុង ស្រុក និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈ ការពង្រឹងតួនាទីភារកិច្ច របស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងការទទួលសម្រុះសម្រួល ដោះស្រាយបណ្ដឹង នៅក្រៅប្រព័ន្ធតុលាការ ដែលពាក់ព័ន្ធនឹងការផ្ដល់សេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ ប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព ។ ទន្ទឹមនឹងនោះដែរ ការិយាល័យមួយនេះ នឹងបង្កើនជំនឿទុកចិត្ត ជូនប្រជាពលរដ្ឋ នៅមូលដ្ឋាន តាមការអនុវត្តតួនាទី និងមុខងារអំណាច ក្នុងការ ៖ កោះអញ្ជើញបុគ្គល ឬប្រធានអង្គភាព ដែលពាក់ព័ន្ទបណ្ដឹងឲ្យចូលបំភ្លឺ និងស្នើសុំកិច្ចសហការ ចូលរួមពីគ្គលិកមន្ទីរ ឬការិយាល័យជំនាញ ស្ថាប័នរដ្ឋបាល តាមការចាំបាច់ ។ ផ្ដល់ឱកាស ឲ្យប្រជាពលរដ្ឋបញ្ចេញមតិយោបល់ លើកសរសើរ ឬប្ដឹងតវ៉ា ពីការមិនពេញចិត្ត អំពីការប្រើសេវាការរើសអើងប្រកាន់បក្សពួក មិនគោរពពេលវេលា សម្ដីគំរោះគំរើយ ផ្ទុយពីក្រមសីលធម៌ និងមិនគោរពវិជ្ជាជីវៈ ម្ចាស់បណ្ដឹង សាក្សីពាក់ព័ន្ធ ទទួលបាននូវការធានារក្សាការសម្ងាត់ នឹងការគំរាមកំហែង ពីខាងក្រៅ ។ បង្កើតគ្រប់មធ្យោបាយផ្សេងៗ ដើម្បី ទទួលព័ត៌មាន ឬការប្ដឹងតវ៉ាពីប្រជាពលរដ្ឋ អាជីវករ អង្គការ សមាគម ដែលកំពុងប្រកបអាជីវកម្ម និងអនុវត្តផែនការសកម្មភាព អាចជួបផ្ទាល់នៅការិយាល័យ ឬទាក់ទងតាមទូរស័ព្ទដៃជាមួយនឹងមធ្យោបាយដែលមានស្រាប់ ឬក៏តាមវិធីថ្មីៗមួយទៀត ឈ្មោះ «មតិយើង»ដែលប្រើប្រាស់បានតាមទូរស័ព្ទដៃស្មាតហ្វូន មានលក្ខណៈងាយស្រួលរហ័ស និងជួយលាក់បាំងអត្តសញ្ញាណ សម្រាប់បញ្ចេញមតិផ្សេងៗ ។ ដូច្នេះ បន្ទាប់ពីការផ្សព្វផ្សាយនេះទៅ ឯកឧត្ដម សង្ឃឹមថា សមាជិក សមាជិកាទាំងអស់ នឹងបានចូលរួមស្ដាប់ និងយកទៅផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋ បានទូលំទូលាយ ដើម្បី ឱ្យពួកគាត់បានយល់ច្បាស់អំពីសមត្ថកិច្ច របស់ការិយាល័យប្រជាពលរដ្ឋ ដោយទាក់ទងទៅនឹង ៖ ១.តើអ្វីទៅ ជាដែនសមត្ថកិច្ច? ២.តើសមត្ថកិច្ច របស់ការិយាល័យប្រជាពលរដ្ឋ ខេត្ត ក្រុង ស្រុក ធ្វើអ្វី? និងតើកម្មវិធី «មតិយើង» ផ្ដល់ការផ្ដល់ភាពងាយស្រួលអ្វីខ្លះ? ៕