ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម បានអញ្ជើញមកជួបសំណេះសំណាលជាមួយសមាជិក សមាជិកាបក្សឃុំរអាង ឃុំកៀនជ្រៃ ឃុំអំពិល និងឃុំទ្រាន ស្រុកកំពង់សៀម


ស្រុកកំពង់សៀម៖នៅព្រឹកថ្ងៃសៅរ៍ ៨កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម និងឯកឧត្តម លោកជំទាវ ព្រមទាំងសមាជិកក្រុមការងារចុះជួយស្រុកកំពង់សៀម បានអញ្ជើញមកជួបសំណេះសំណាលជាមួយសមាជិក សមាជិកាបក្សឃុំរអាង ឃុំកៀនជ្រៃ ឃុំអំពិល និងឃុំទ្រាន ដែលបានរៀបចំ នៅស្នាក់ការបក្សឃុំរអាង។ ក្នុងពិធីក៏មានការអញ្ជើញចូលរួមពីលោកប្រធានក្រុមបឹក្សាស្រុក អភិបាលស្រុក កងកំលាំងទាំងបី និងបងប្អូនសមាជិកបក្សប្រមាណ ២៦០០នាក់។ វេទិកានេះមានគោលបំណងធ្វើការពិនិត្យ និងតាមដានស្ថានភាពជីវភាពរបស់សមាជិកបក្ស សកម្មភាពការងារ និងវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។

ជាបឋម ឯកឧត្តម កែវ អូម៉ាលីស្ស ប្រធានក្រុមការងារថ្នាក់កណ្តាលចុះឃុំទាំង៤ បានរាយការណ៍ជូនអង្គពិធីបានជ្រាបអំពី ស្ថានភាព វឌ្ឍនៈភាព និងសមិទ្ធផលនានាដែលក្រុមការងារចុះជួយឃុំទាំង៤ បានកសាង និងស្ថានភាពនៃការគ្រប់គ្រងសមាជិកគណបក្សប្រជាជនកម្ពុជា។ ក្រៅពីនេះក្រុមការងារក៏បានដោះស្រាយនូវសំណូមពរនានារបស់ប្រជាពលរដ្ឋនៅក្នុងឃុំទាំង៤ ដូចជាហេដ្ឋារចនាសម្ព័ន្ធ អំពូលភ្លើងសូឡា និង សម្របសម្រួលដល់យុវជនដែលត្រូវចំណាកស្រុកទៅធ្វើការក្រៅប្រទេសជាដើម។

មានមតិសំណេះសំណាលទៅកាន់សមាជិក និងសមាជិកាបក្ស ឯកឧត្តមប្រធានក្រុមការងារចុះជួយស្រុក បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតមកជូនបងប្អូនសមាជិកបក្សទាំងអស់ និងបានជូនពរឲ្យបងប្អូនប្រជាពលរដ្ឋជួបតែពុទ្ធិពរទាំង ៤ ប្រការ។ យោងលើសមិទ្ធផលដែលរំលេចឡើងដោយឯកឧត្តមប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំទាំង៤ ឯកឧត្តមប្រធានបានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ជូនចំពោះឯកឧត្តមប្រធានក្រុមការងារចុះជួយឃុំ សហការី លោកអភិបាលស្រុក ឃុំ និងសមាជិកបក្ស ដែលបានលះបង់ពេលវេលា និងកំលាំងកាយចិត្ត រួមគ្នាយកចិត្តទុកដាក់ដោះស្រាយបញ្ហាជូនប្រជា ពលរដ្ឋបានទាន់ពេលវេលា និងមានប្រសិទ្ធភាពដូចជា ជាពិសេសក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្គាតអាណត្តិទី៥ ទទួលបានជោគជ័យយ៉ាងធំធេង។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមប្រធានក្រុមការងារ ក៏បានលើកឡើងពីភាពជោគជ័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីត១៩ ក្រោមការដឹកនាំដោយផ្ទាល់របស់ សម្តេចតេជោ បានអនុញ្ញាតអោយប្រទេសកម្ពុជាយើងអាចបើកដំណើរការជាប្រក្រតីឡើងវិញ និងបានធ្វើអោយរាជរដ្ឋាភិបាលកម្ពុជាទទួលបានប្រាក់ចំណូលកើនឡើងផងដែរ។ ជាមួយគ្នានេះ ឯកឧត្តមប្រធានក្រុមការងារក៏បានជម្រាបជូន កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល អំពីការកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ដូចជាព្រលានយន្តហោះថ្មី កំពង់ផែ និងប្រព័ន្ធដឹកជញ្ជូន ដើម្បីជំរុញការនាំចេញផលិតផលសំខាន់ៗពីកម្ពុជា ជាពិសេសផលិតផលកសិកម្មដែលបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការគាំទ្រដល់ជីវភាពកសិករ និងសេដ្ឋកិច្ចជាតិផងដែរ។ ក្រៅពីនេះ ឯកឧត្តមប្រធានក្រុមការងារ ក៏បានណែនាំ និងផ្តាំផ្ញើដល់ប្រជាពលរដ្ឋនៅក្នុងឃុំទាំង៤ មេត្តាកុំជឿនូវការលើកឡើងរបស់គណបក្សមួយចំនួនអំពីរឿងអបិយជំនឿ និងបំផ្លៃការពិត ហើយបានបង្កប្រជាពលរដ្ឋមួយចំនួនខាតបង់ពេលវេលា និងជីវភាព ដោយសារតែចំណាយពេលវេលាឥតប្រយោជន៍ជាមួយនឹងរឿងអបិយជំនឿនោះ។ ឯកឧត្តមប្រធានក្រុមការងារក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋក្នុងឃុំទាំង៤ ដែលមានបំណងបញ្ជូនកូនទៅធ្វើការនៅក្រៅប្រទេស សូមធ្វើការណែនាំ អប់រំកូនចៅអោយបានល្អ ជៀសវាងការឈ្លក់វង្វេងពីភាពឡូយឆាយ និងសប្បាយភ្លើតភ្លើននៅក្រៅប្រទេស ហើយវាយតម្លៃដំណើរការអភិវឌ្ឍន៍កម្ពុជាក្នុងរូបភាពអវិជ្ជភាព តែត្រូវប្រមូលយកចំណេះ និងជំនាញពីបទពិសោធន៍ដែលបានធ្វើការនៅក្រៅប្រទេសនោះ មកចូលរួមអភិវឌ្ឍប្រទេសយើងឱ្យកាន់តែរីចំរើន ទើបជាការប្រសើរ។

ជាចុងក្រោយ ឯកឧត្តមប្រធានក្រុមការងារបានជូនពរដល់ក្រុមការងារចុះជួយតាមឃុំក្នុងស្រុកកំពង់សៀម ក្រុមការងារស្រុក ឃុំ និងសមាជិក សមាជិកាបក្សទាំងអស់ សូមទទួលបានសុខភាពល្អ សុភមង្គលក្នុងក្រុមគ្រួសារ និងជីវភាពកាន់តែប្រសើរឡើង។