ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយលទ្ធផលសន្និបាតវិសាមញ្ញរបស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងស្រុកបាធាយ


ស្រុកបាធាយ៖នៅព្រឹកថ្ងៃអាទិត្យ ៩ កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយលទ្ធផលសន្និបាតវិសាមញ្ញរបស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងស្រុកបាធាយ ខេត្តកំពង់ចាម ដែលទើបជាប់ឆ្នោតអាណត្តិទី៥ ឆ្នាំ២០២២ កាលពីពេលថ្មីៗកន្លងទៅ។

បន្ទាប់ពីឯកឧត្តម ខ្លូត ផន អនុប្រធានអចិន្ត្រៃយ៍គណបក្សខេត្តកំពង់ចាម អញ្ជើញអានខ្លឹមសារ នៃការផ្សព្វផ្សាយលទ្ឋផលសន្និបាតគណកម្មាធិកាកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលបានរក្សាការជឿទុកចិត្ត និងផ្តល់ការគាំទ្រជារៀងរហូត ដល់សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងតែងតែបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឲ្យមានឱកាសបន្ត បំពេញកាតព្វកិច្ចក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជន ឲ្យកាន់តែមានជីវភាពសម្បូរសប្បាយ និងដឹកនាំអភិវឌ្ឍឃុំ-សង្កាត់ បន្តទៀតពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៧ ។

លើសពីនេះទៅទៀត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានផ្តល់អនុសាសន៍ណែនាំ ១៦ចំណុច ដល់ថ្នាក់ដឹកនាំគណបក្សមូលដ្ឋាន សមាជិកសមាជិកាគណបក្សស្រុកបាធាយ យកទៅអនុវត្ត និងស្នើបន្តយកចិត្តទុកដាក់ ដោះស្រាយ ការផ្តល់ សេវា សំណូមពរ និង សេវា កាតព្វកិច្ច ជូន ប្រជាពលរដ្ឋឱ្យដូចភ្លៀងរលឹម និងបន្តកិច្ចខិតខំ យកចិត្តទុកដាក់ ធ្វើ ការ ដោះស្រាយនូវ ការផ្តល់ សេវា សំណូមពរ និង សេវា កាតព្វកិច្ច ជូន បប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ដើម្បីត្រៀមយកជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៧ ឆ្នាំ២០២៣ ខាងមុខឲ្យខានតែបាន។

ក្នុងឱកាសដ៏វិសេសវិសាលនោះផងដែរ ឯកឧត្តម ប៉ាន សូរស័ក្តិ អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាធាយ និងស្រុកព្រៃឈរ បានផ្តល់ជូនរថយន្តសង្គ្រោះបន្ទាន់ ២គ្រឿង បន្ថែមទៀតដល់រដ្ឋបាលសាលាស្រុកបាធាយ ដើម្បីងាយបម្រើដល់ការងារដឹកជញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យទាន់ពេលវេលា។

តាមរបាយការណ៍សង្ខេបរបស់លោក ផេន សុផល ប្រធានគណៈកម្មាធិការបក្សស្រុកបាធាយ បានឲ្យដឹងថា លទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២កន្លងទៅ ប្រជាជននៅស្រុកបាធាយ បានអញ្ជើញទៅបោះឆ្នោតចំនួន ៥៨,០៥៣នាក់ នៃចំនួនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ៧៣,០១៨នាក់ ក្នុងនោះបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា មានចំនួន ៣៣,៦០០សម្លេង ស្មើនឹង ៧៤,១៤%។

ពិធីនេះត្រូវបានរៀបចំធ្វើនៅទីស្នាក់ការគណបក្សប្រជានកម្ពុជាស្រុកបាធាយ ខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ប៉ាន សូរស័ក្តិ អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាធាយ និងស្រុកព្រៃឈរ ឯកត្តម ខ្លូត ផន អនុប្រធានអចិន្ត្រៃយ៍គណបក្សខេត្តកំពង់ចាម ឯកឧត្តម លន់ លឹមថៃ អ្នកតំណាងរាស្ត្រខេត្តកំពង់ចាមព្រមទាំងសមាជិកសមាជិកាថ្នាក់ជាតិ និងសមាជិក សមាជិកាគណបក្សជាច្រើនរូបទៀត សរុបប្រមាណ ៥៥៥នាក់៕