ដើម្បី រួមចំណែកសម្រាលការលំបាក ដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម និងឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកំពង់ផែស្វ័យតក្រុងព្រះសីហនុ និងជាប្រធានក្រុមការងារចុះ ស្រុកស្រីសន្ធរ ព្រមទាំង ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរ អង្គភាព និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចែកអំណោយសង្គ្រោះបន្ទាន់ របស់កាកបាទក្រហម និងអំណាយគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ជូនប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ទន្លេមេគង្គ ចំនួន ៤៧៦គ្រួសារ មកពីឃុំបារាយណ៍ ឃុំឬស្សីស្រុក ឃុំព្រែកពោធិ៍ និងឃុំមានជ័យ នៅស្រុកសន្ធរ ។
អំណោយរបស់កាកបាទក្រហម រួមជាមួយនិងអំណោយ របស់កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ដែលត្រូវចែកជូនប្រជាពលរដ្ឋទាំង ៤៧៦គ្រួសារ ក្នុង ១គ្រួសារ ទទួលបានអង្គរ ១បេ មី ១កេស ត្រីខ ១០កំប៉ុង និងថវិកា ១ម៉ឺនរៀល ។
ឆ្លៀតឱកាសនោះដែរនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងក្រុមការងារ បានចូលរួមជាមួយពុទ្ធបរិស័ទ កាន់បិណ្ឌទី១១ នៅវត្តប្រាសាទវដ្តី ហើយបានចូលរួមបច្ច័យកសាងចំនួន ២លានរៀល និងអញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី១១ នៅវត្តកោះកែវ ឃុំព្រែកដំបូក នាំយកគបច្ច័យមួយចំនួន ៥លានរៀល វេរប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស និងរាប់បាត្រ ដេីម្បី ឧទ្ទិសកុសលផលបុណ្យជូនទៅដល់បុព្វការីជន ដែលបានចាកឋានទៅកាន់បរលោកខាងមុខ ផងដែរ ៕