អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម ឯកឧត្ដម ហ៊ុន ណេង កាន់បិណ្ឌ ៩ នៅវត្តភ្នំហាន់ជ័យគិរី ស្រុកកំពង់សៀម


 

ស្របពេលទៅនឹង ប្រជាពុទ្ធបរិស័ទ នៅទូទាំងប្រទេសកម្ពុជា បាននឹងកំពុងអបអរសាទរ ជាមួយពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្យ ជាបុណ្យសាសនាដ៏ធំមួយ របស់សាសនិកខ្មែរយើង ដែលតែងតែប្រារព្ធធ្វើជារៀងរាលឆ្នាំ ក្នុងជំនឿយ៉ាងមុតមាំ លើទស្សន និងកម្មផល ។ នៅថ្ងៃអាទិត្យ ៩រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ នេះ ឯកឧត្ដម ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងលោកជំទាវ លាង វួចឆេង អមដំណើរដោយ ឯកឧត្ដម ជាសមាជិករដ្ឋសភា ក៏ដូចជាក្រុមគ្រួសារសាច់ញ្ញាតិ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញកាន់បិណ្ឌ៩ នៅវត្តហាន់ជ័យគិរី ហៅវត្តភ្នំហាន់ជ័យ ស្ថិតនៅឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

នាឱកាសពិធីបុណ្យកាន់បិណ្ឌទី ៩ នេះដែរ ឯកឧត្ដម ហ៊ុន ណេង និងលោកជំទាវ បាននាំនូវទេយ្យវត្ថុ និងសម្ភារៈបរិក្ខា ជាគ្រឿងឧបភោគ បរិភោគ ប្រគេនព្រះសង្ឃ ជារួមមាន ៖ ចង្ហាន់ ៧ស្រាក់ សាដក់ ៧លំដាប់ផ្លែឈើ ៧កន្ត្រក ទឹកបរិសុទ្ធ ១០កេស ទឹកផ្លែឈើ ១០កេស ទឹកក្រូច ១០កេស អង្ករ ២ប៊េ មី ១កេសធំ ត្រីខ ១កេសធំ ទឹកដោះគោខាប់ ១កេសធំ ស្ករស ១០គ.ក្រ តែ ៧កញ្ចប់ ផ្កា ២កន្ត្រក និងបច្ច័យកសាង ចំនួន ១.២៨០.០០០រៀល ផងដែរ ។ ក្រៅពីនោះ ក៏បានប្រគេនចតុបច្ច័យ សម្រាប់ព្រះចៅអធិការវត្ត ៤០ម៉ឺនរៀល និងបច្ច័យព្រះសង្ឃចំនួន ៦អង្គ ទៀត ក្នុង ១អង្គៗ ២០ម៉ឺនរៀល ផងដែរ ។

គួរកត់សម្គាល់ផងដែរថា ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌឆ្នាំ២០១៩នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១៤ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩

សូមរំលឹកថា បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយ ធំជាងគេ នៅក្នុងចំណោម ពិធីបុណ្យទាំងអស់ ចំពោះ អ្នកកាន់ព្រះពុទ្ធសាសនានៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ជារៀងរាល់ឆ្នាំ នៅ ពេលដល់ថ្ងៃ ខែដែលត្រូវប្រារព្ធ ពិធីបុណ្យមួយនេះ គេសង្កេតឃើញបងប្អូនកូនចៅ ក្រុមគ្រួសារ ណ្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេស ការមកជួបជុំជាមួយឪពុកម្ដាយ នៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ មានបាយ សម្ល បង្អែម យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅតាមវត្តអារាមនានា ដើម្បី ឧទ្ទិសកុសលផលបុណ្យ ជូនទៅដល់ឌួងវិញ្ញាណក្ខ័ន្ធបុព្វការីជន មាន មាតិ បិតា ជីដូនជីតា ញ្ញាតិកាទាំង ៧សណ្ដាន ដែលលោកបានបែកកាយ រំលាយដ្ឋាន ទៅកាន់បរលោកខាងមុខ ។

ដោយឡែក ជាមួយនឹងទេយ្យទាន និងគ្រឿងបរិក្ខា ប្រកបដោយសទ្ធាជ្រះថ្លា នាឱកាសពិធីកាន់បិណ្ឌ ៩ នេះដែរ ព្រះនាគមុន្នី ប៊ត តាំងចេង ព្រះបាឡាត់គុណ ខេត្តកំពង់ចាម និងជាព្រះចៅអធិការវត្តហាន់ជ័យគិរី បានឧទ្ទិសកុស ជូនឌួងវិញ្ញាណក្ខ័ន្ធ ចំពោះ ឧបាសក ហ៊ុន នាង ឧបាសិកា ឌី ប៉ុក ត្រូវជាមាតា បិតា បង្កើត និងប្រសា របស់ឯកឧត្ដម ហ៊ុន ណេង និងលោកជំទាវ ក៏ដូចជា ឌួងវិញ្ញាណក្ខ័ន្ធ ជីដូនជីតា ញ្ញាតិការ ក្នុងសង្សាវដ្ដ ផងដែរ