ឯកឧត្តម វេង សាខុន និងលោកជំទាវអញ្ជើញកាន់បិណ្ឌ៨នៅវត្តជ័យគិរី ភ្នំហាន់ជ័យ


នៅព្រឹកថ្ងៃសៅរ៍ ៨រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ ដែលត្រូវនឹងវេនកាន់បិណ្ឌទី៨ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម លោក ជំទាវ ម៉ក់ ស៊ីថា និងបុត្រា-បុត្រី  ព្រមទាំងឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ឯកឧត្តមទីប្រឹក្សាក្រសួង លោក លោកស្រីមន្ត្រីរាជការ បានមូល មតិគ្នាជាឯកច្ឆន្ទរៀបចំចង្ហាន់បាយសម្ល ម្ហូបអាហារ យកមកប្រគេនព្រះសង្ឃចំនួន ៩០អង្គ ដែលគង់ចាំព្រះវស្សានៅវត្តភ្នំហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ 

 

ឯកឧត្តមប្រធានក្រុមការងារ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំបានប្រារព្វពិធីបង្សុកូលឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធដូនតា សាច់សាលោហិត ញាតិទាំង ៧សន្តាន ឧបុព្វការីជនដែលបានចែកឋាន និងបុព្វបុរសស្នេហាជាតិដែលបានលះបង់ជីវិតដើម្បីជាតិ មានតុភូមិ និងប្រជាជន សូមឲ្យបានទៅសោយសុខក្នុងឋានបរមសុខ និងសុគតិភពតរៀងទៅ។ នាឱកាសនេះ បន្ទាប់ពីពិធីរាប់បាត្រ វេរប្រគេន បច្ច័យ ទេយ្យវត្ថុ និងទេយ្យទាន រួចមក លោកប្រធានក្រុមការងារបានបួងសួងទេវតាសុំសេចក្តីសុខ សេចក្តីចម្រើន និងសិរីសួស្តីចូរមានដល់ជូនបងប្អូនពុទ្ធបរិស័ទចំណុះជើងវត្តភ្នំហាន់ជ័យ បងប្អូនទូទាំងស្រុកកំពង់សៀម និងជនរួមជាតិទាំងនៅទីជិតទីឆ្ងាយគ្រប់ៗគ្នា។ លោកប្រធានក្រុមការងារបានថ្លែងអំណរគុណជូនចំពោះសមាជិក សមាជិការក្រុមការងារគ្រប់លំដាប់ថ្នាក់ អាជ្ញាធរមូលដ្ឋាន បងប្អូនពុទ្ធបរិស័ទទាំងអស់ ដែលបានសហការរៀបចំពិធីកាន់បិណ្ឌនាថ្ងៃនេះបានយ៉ាងល្អប្រសើរ បរិបូណ៌ រាបរយ សណ្តាប់ធ្នាប់ ស្លៀកពាក់សមសួនតាមបែបប្រពៃណី និងព្រះពុទ្ធសាសនា ដែលជាសាសនារបស់ជាតិយើង។

ទិដ្ឋភាពទាំងអស់នេះ បានបង្ហាញឲ្យឃើញយ៉ាងប្រត្យក្សពីភាពសុខសាន្ត ជីវភាពសម្បូរណ៌សប្បាយ មានសេចក្តីសុខ សេចក្តីចម្រើន សុភមង្គល និងសុខដុមរមនាក្នុងសង្គមជាតិខ្មែរទាំងមូល ទាំងអស់នេះគឺដោយ សារម្លប់សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសជាតិយើង ស្ថិតក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី។ ហេតុនេះ លោកស្នើសុំឲ្យបងប្អូនពុទ្ធបរិស័ទគ្រប់រូបជួយថែរក្សាឲ្យបានគង់វង្សមាំមួនល្អ នូវសមិទ្ធផលទាំងអាណាចក្រ និងពុទ្ធចក្រ។ 

លោកប្រធានក្រុមបានជូនពរឲ្យសមាជិក សមាជិការចុះជួយស្រុក ឃុំ ភូមិ និងពុទ្ធបរិស័ទទាំង អស់ទទួលយកពរសព្វសាធុការផល្លានិសង្ឃផលបុណ្យរៀងៗខ្លួន និងទទួលយកពរទាំង ៤ប្រការកុំបីឃ្លាងឃ្លាតឡើយ។