ផ្ទះមនុស្សធម៌ទី ១២ ត្រូវបានសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ប្រគល់ជូនពលរដ្ឋទ័លលំបាក ១គ្រួសារ នៅ ឃុំស្រក ស្រុកកំពង់សៀម


ស្រុកកំពង់សៀម៖នៅរសៀលថ្ងៃសៅរ៍ ទី៥ ខែសីហា ឆ្នាំ២០២២ ព្រះសីលសំវរ ព្រះនាគមុនី មេគណខេត្ត អមព្រះដំណើរ ដោយ លោកសាស្ត្រាចារ្យជំនួយ ប៉ែន ម៉ារឌី អនុប្រធានសាខា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខា អស់លោក ជាសមាជិក គណៈកម្មាធិការសាខា លោកស្រីប្រធានអនុសាខាស្រុក រួមនឹងព្រះមន្ត្រីសង្ឃនៃសាលាគណខេត្ត សាលាអនុគណស្រុក បាននិមន្ត និងអញ្ជើញចុះប្រគល់ផ្ទះបន្ទាប់ទី១២ ជាកម្មវិធីផ្ទះមនុស្សធម៌ខេត្ត ក្រោមកិច្ចសហការដឹកនាំសាងសង់ដោយ សាខាកាកបាទក្រហមកម្ពុជា ខេត្ត និង សាលាគណខេត្ត ដែលឧបត្ថម្ភថវិកាដោយ សមាគមសហគ្រិន ខ្មែរ-ចិន នៅកម្ពុជា មានលោក ធុល វិសាល ជាប្រធាន ជូន ពលរដ្ឋទ័លលំបាក ១គ្រួសារ ឈ្មោះ ស៊្រីម ម៉ៃ អាយុ ២៧ឆ្នាំ រស់នៅ ភូមិស្រក ឃុំស្រក ស្រុកកំពង់សៀម។

គួររំលឹកថា ក្មួយប្រុស ស៊្រីម ម៉ៃ និងប្រពន្ធឈ្មោះ ចាន់នី រ៉ាឌី អាយុ ២៣ឆ្នាំ ជាពលរដ្ឋទ័លលំបាក សព្វថ្ងៃ ជាកម្មករថែសួន អោយ ក្រុមហ៊ុន រីសត ប៊ុមប៊ូ នៅជាយភ្នំហាន់ជ័យ ។ ប្រាក់ខែទទួលបាន មិនសមល្មម នឹងការចំណាយប្រចាំថ្ងៃ និងត្រូវចិញ្ចឹម កូនប្រុសស្រី នៅតូចៗ ដល់ទៅ ៣នាក់ ក្នុងបន្ទុក សូម្បីជម្រកស្នាក់នៅ ក៏រស់នៅជាមួយម្តាយ ដែលមានផ្ទះតូចចង្អៀត ហើយមានបន្ទុកច្រើន រស់នៅជាមួយ ថែមទៀត។ ទីបំផុត ដោយទឹកចិត្តអាណិតអាសូរកូនពេក ម្តាយបានដាច់ចិត្ត និយាយសម្របសម្រួលជាមួយ កូនស្រីច្បង ប្រគល់ដីកេរ្តិ៍មួយ កន្លែង ទំហំ ៨ម * ១៥ម អោយប្អូន ក្រែងធ្វើផ្ទះបាននៅ ។ ទោះជាយ៉ាងនេះក្តី អាស្រ័យដោយជីវភាព ជួបការលំបាក ក្មួយប្រុស នៅតែគ្មានលទ្ធភាពក្នុងការសង់ផ្ទះស្នាក់នៅ បានឡើយ។

មើលឃើញពីស្ថានភាពដ៏លំបាកនេះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា ក៏បានសម្រេចផ្តល់ជូនផ្ទះឈើខ្ពស់ផុតពីដី ប្រក់ស័ង្កសីភ្លីធំ (ទំហំ៤ម×៦ម) ១ខ្នង តម្លៃប្រមាណ ១០,០០០,០០០ រៀល ដែលជួយឧបត្ថម្ភថវិកាដោយ សមាគមសហគ្រិន ខ្មែរ-ចិន នៅកម្ពុជា ជូនក្មួយប្រុស ស៊្រីម ម៉ៃ និង គ្រួសារ សម្រាប់ស្នាក់នៅ តទៅ។

លោកសាស្ត្រាចារ្យជំនួយ ប៉ែន ម៉ារឌី បានក្រើនរំលឹក ដល់អ្នកចូលរួម និង ប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំថែរក្សាសុខភាពអោយបានល្អ តាមវិធានអនាម័យស្អាត ៣យ៉ាង និង យល់ដឹង អំពីរោគសញ្ញានិងការពារការឆ្លងជម្ងឺអុតស្វា ដែលបច្ចុប្បន្នកំពុងរាលដាលនៅទ្វីបអឺរ៉ុប ។ ជាមួយនោះ បុគ្គលម្នាក់ៗ ត្រូវបន្តអនុវត្ត អោយបានខ្ជាប់ខ្ជួន នូវ វិធានសុខាភិបាល ” ៣ការពារ ៣កុំ ” និង អំពាវនាវ ពលរដ្ឋទាំងអស់ អញ្ជើញទៅ ចាក់វ៉ាក់សាំងបង្ការជម្ងឺកូវ៏ដ-19 ទាំងដូស មូលដ្ឋាន និងដូសជំរុញ អោយបានគ្រប់គ្នា ។

ដើម្បីជួយសម្រាលជីវភាពរស់នៅ , សាខា បានផ្តល់សម្ភារ: គ្រឿង ឧបភោគ បរិភោគ ជូនគ្រួសារ ក្មួយប្រុស ស៊្រីម ម៉ៃ សម្រាប់សង្កត់ផ្ទះថ្មីនេះ រួមមាន អង្ករ ៥០គក្រ, ត្រីខ ២យួរ , ទឹកត្រី ២យួរ ទឹកស៊ីអ៊ីវ ២យួរ, មី ២កេស, ឃីត ២សម្រាប់, អាវយឺត ១២, ម៉ាស់ ២ប្រអប់ , សម្ភារផ្ទះបាយមួយចំនួន និង ថវិកា ២០០,០០០រៀល ។

ដោយឡែក លោកតា លោកយាយ ដែលចូលរួមជាសាក្សី ក្នុងពិធីប្រគល់-ទទួលផ្ទះថ្មីនេះ ចំនួន ១០នាក់ ក្នុងម្នាក់ៗ ទទួលបាន អង្ករ ត្រីខ ឃីត មី ទឹកត្រី ទឹកស៊ីអ៊ីវ និង អាវយឺត ម៉ាស់ ព្រមទាំង ថវិកាចំនួន ២០,០០០ រៀល ផងដែរ ។