ពិធីប្រគល់សម្ភារៈ បរិក្ខា និងថវិកា ជូនដល់អនុសាខាកាកបាទក្រហមស្រុកកំពង់សៀម ដើម្បីទុកជួយដល់ប្រជាជនដែលជួបការលំបាកខ្លាំងក្នុងស្រុកកំពង់សៀមខេត្ដកំពង់ចាម


ស្រុកកំពង់សៀម៖នៅព្រឹកថ្ងៃសៅរ៍២កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ ព្រះសីលសំវរ ប៊ត តាំងឆេង ព្រះរាជាគណៈថ្នាក់ចត្វា ព្រះនាគមុនីមេគណខេត្តកំពង់ចាម បាននិមន្ត នាំយកសម្ភារៈ បរិក្ខា និងថវិកា មកប្រគល់ជូនអនុសាខាកាកបាទក្រហមស្រុកកំពង់សៀម ដើម្បីទុកជួយដល់ប្រជាជនដែលជួបការលំបាកខ្លាំងក្នុងស្រុកកំពង់សៀម ខេត្ដកំពង់ចាម។ ក្នុងពិធីនេះដែរដោយមានការ និមន្ត អញ្ជើញ ចូលរួមពីសំណាក់ ព្រះធម្មានុលក្ខណ៍ សេង ម៉េងលក្ខ័ណ ព្រះលេខាធិការគណខេត្ត និងព្រះប្រធានលេខាធិការដ្ឋាននៃសាលាគណខេត្ត ព្រះសទ្ធម្មញាណ គង់ វិច្ឆិកា ព្រះគ្រូសំវរមុនីអនុគណស្រុកកំពង់សៀម និងព្រះមន្ដ្រីសង្ឃសាលាអនុគណស្រុក ព្រះរាជាគណៈកិក្តិយស ព្រះគ្រូ ព្រះចៅអធិការវត្ដទូទាំងស្រុកកំពង់សៀម ព្រមទាំង លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក អភិបាលរងស្រុក និងសហការីផងដែរ ។

គូសបញ្ជាក់ផងសម្ភារៈដែលប្រគល់ជូនដល់អនុសាខាកាកបាទក្រហមស្រុកកំពង់សៀមរួមមានៈ សម្ភារៈផ្ទះបាយមានចំនួន ៤៩ឈុត អង្ករមានចំនួន ៥២បេ មីមានចំនួន ៥៨ កេស ត្រីខ ៤២ យួរ ទឹកសុីអ៊ីវ ៥៩យួរ ទឹកបរិសុទ្ធ ៥២ កេស ទឹកក្រូច២៨កេស ព្រមទាំងថវិកាចំនួន ៥,០០០,០០០ លានរៀលផងដែរ ។