ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណអភិបាលខេត្ត អមដំណើរដោយអភិបាលរងខេត្ត មន្ទីរ អង្គភាព ជំនាញ ពាក់ព័ន្ធ ជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩នេះ បាន អញ្ជើញចុះពិនិត្យការដាក់ម៉ាស៊ីន ត្រៀមអន្តរាគមន៍បូមទឹក ដើម្បីបញ្ចៀសទឹកជន់លិចក្នុងក្រុង ស្ថិតនៅ ក្នុង សង្កាត់បឹងកុក ក្រុងកំពង់ចាម ខណៈដែលទឹកទន្លេមេគង្គនៅតែបន្តហក់ឡើង ។
បន្ទាប់មកឯកឧត្តម អភិបាលខេត្ដ បានដឹកនាំក្រុមការងារ បន្តចុះពិនិត្យស្ថានភាព នៃការបាក់ស្រុតច្រាំងទន្លេ នៅតាមបណ្ដាឃុំមួយចំនួន ក្នុងស្រុកកងមាស រួមមាន ឃុំអង្គរបាន ឃុំរកាអារ និងឃុំស្ដៅ ព្រមទាំង បានឧបត្ថម្ភ នូវថវិកា និងសម្ភារៈ មួយចំនួន ជូនដល់បងប្អូន ប្រជាពលរដ្ឋ ចំនួន៤គ្រួសារ ដែលត្រូវរុះរើផ្ទះបន្ទាន់ ជម្លៀសចេញ ពីការបាក់ស្រុតចូលទៅក្នុងទន្លេ ផងដែរ ។
តាមរបាយការណ៍ របស់ លោក មឿន ផា អភិបាល ស្រុកកងមាស បានបញ្ជាក់ថា នៅក្នុងរដូវទឹកឡើងនាឆ្នាំ២០១៩នេះ ស្ថានភាពទឹកទន្លេមេគង្គ បានហក់ឡើងជាកំហុក នៅដើមខែកញ្ញានេះ ។ ម៉្យាងទៀត ដោយភូមិសាស្ត្រស្រុកកងមាស នៅស្របតាមបណ្តាយដងទន្លេមេគង្គ ងាយនឹងរងគ្រោះដោយទឹកជំនន់ និងការបាក់ច្រាំងទន្លេ ។ ជាក់ស្តែង នៅថ្ងៃទី០៤ ខែកញ្ញា កន្លងទៅនេះ នៅក្នុងភូមិសាស្ត្រស្រុកកងមាស មានគ្រោះធម្មជាតិដោយសារ ស្រុតច្រាំងទន្លេចំនួន ០៣ឃុំ និងរុះរើផ្ទះប្រជាពលរដ្ឋ ជាបន្តបន្ទាប់ ចំនួន ០៤គ្រួសារ ផងដែរ ។ ក្នុង នោះឃុំរកាអារ ភូមិជ្រោយក្របៅទី២ ស្រុតច្រាំងទន្លេបណ្តោយ ៣៥០ម៉ែត្រ ទទឹង ១០ម៉ែត្រ ។ ឃុំអង្គរបាន ភូមិអង្គរបានទី៨ ស្រុតច្រាំងទន្លេ បណ្តោយ ៨០ម៉ែត្រ ទទឹង០៥ម៉ែត្រ ។ និងឃុំស្តៅ ភូមិល្វាលើ ស្រុតច្រាំងទន្លេ បណ្តោយ១០០ម៉ែត្រ ទទឹង ៤០ម៉ែត្រ ក្នុងនោះត្រូវរុះរើផ្ទះចំនួន០៤គ្រួសារ ១-ឈ្មោះ ចាប ឈើយ ប្រក់ក្បឿង ទំហ៩x៧ម៉ែត្រ ។ ២-ឈ្មោះ ឡា ពិសិដ្ឋ ប្រក់សង្ក័សី ទំហំ៧x៥ ម៉ែត្រ ។ ៣-ឈ្មោះ យ៉ង់ គឹមហ័ង ប្រក់ក្បឿង ទំហំ៧x៥ម៉ែត្រ ។ និង ទី៤-ឈ្មោះ ឃ្លោក សុខឃីម ប្រក់សង្ក័សី ទំហំ ៥x៦ម៉ែត្រ ។ តែមិនបណ្តាលឲ្យ មានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋណា ម្នាក់ ឡើយ ។
នាឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ដែលប្រឈមទៅនឹងគ្រោះដោយទឹកជំនន់ សូមបង្កើនការប្រុងប្រយ័ត្នជានិច្ច ជាពិសេស បងប្អូនដែលរស់នៅតាមបណ្ដោយដងទន្លេមេគង្គ ត្រូវប្រុងប្រយ័ត្ន ចំពោះ ការបាក់ស្រុតច្រាំងទន្លេ បើទោះបីជាពេលនេះ កម្ពស់ទឹកមិនស្ថិតនៅក្នុងកម្រិតប្រកាសអាសន្ន ក៏ដោយ ។ ដូច្នេះ បើមានបងប្អូនករណីនេះកើតឡើង សូមរាយការណ៍ មកអាជ្ញាធរមូលដ្ឋានដើម្បី ជួយអន្តរាគមន៍ទាន់ពេលវេលា ។ ក្រៅពីនោះ បងប្អូន ក៏យកចិត្តទុកដាក់ ចំពោះ កូន ចៅតូចៗ កុំឲ្យលេងទឹក ព្រោះអាចបង្កគ្រោះថ្នាក់ ដោយសារការលង់ទឹក ។ ទន្ទឹមនឹងនោះដែរ ក៏ត្រូវប្រុងប្រយ័ត្ន ផងដែរ ចំពោះ សត្វអសេរិពិសទាំងឡាយ ។ ដូច្នេះ បើមានក្រុមគ្រួសាររបស់បងប្អូន សត្វចឹក ទិច ខាំ សូមបញ្ជូនទៅមន្ទីរពេទ្យ ឲ្យទាន់ពេលវេលា ៕