អភិបាលខេត្តកំពង់ចាម សុខសន្តិភាពយូរអង្វែង នាំមកនូវការរីកចម្រើនសម្រាប់ប្រទេសជាតិ ប្រជាពលរដ្ឋទទួលបានផលប្រយោជន៍ ជាបន្តបន្ទាប់


សុខសន្តិភាពយូរអង្វែង នាំមកនូវការរីកចម្រើនសម្រាប់ប្រទេសជាតិ ប្រជាពលរដ្ឋទទួលបានផលប្រយោជន៍ ជាបន្តបន្ទាប់ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម ថ្លែងយ៉ាងដូច្នេះ នៅក្នុងឱកាសជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ប្រមាណជាង ២០០នាក់ នៅភូមិតាមាស ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ នេះ ។ ពិធីនោះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរ អង្គភាព និងអាជ្ញាធរមូលដ្ឋាន ព្រមទាំង ព្រះសង្ឃ លោកតា យាយ ជាច្រើនរូបទៀត ។

ឯកឧត្ដម អ៊ុន ចាន់ដា មានប្រសាសន៍ថា ការជួបជុំនេះ គឺជាដើម្បី ផ្សាភ្ជាប់នូវការទំនាក់ទំនង ផ្ដល់នូវភាពស្និតស្នាល រវាងថ្នាក់ដឹកនាំ ជាមួយនឹងប្រជាពលរដ្ឋយើង ពីព្រោះថា ថ្នាក់ដឹកនាំទាំងអស់នេះ គឺជាកូនចៅរបស់សម្ដេចតេជោ ហ៊ុន សែន ដែលឲ្យមកបំរើ និងផ្ដល់សេវា ជូនប្រជាពលរដ្ឋយ៉ាងពិតប្រាកដ និងពុំមែនជា ម្ចាស់របស់ប្រជាពលរដ្ឋនោះឡើយ ។ យ៉ាងណាម៉ិញថ្នាក់ដឹកនាំទាំងអស់នេះ តែងតែខិតខំធ្វើការអភិវឌ្ឍរីកចម្រើននៅក្នុងមូលដ្ឋាននីមួយៗ តាមរយៈ ការកសាងនូវហេដ្ឋារចនាសម្ព័ន្ធ យ៉ាងច្រើនសន្ធឹកសន្ធាប់ ទុកសម្រាប់ជាប្រយោជន៍ប្រើប្រាស់របស់ប្រជាពលរដ្ឋធ្វើឲ្យមានជីវភាពធូរធារ ដើម្បី រួមចំណែកកាត់បន្ថយភាពក្រីក្រ ស្របតាមកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ថិតក្រោមតំបូលសុខសន្តិភាព នៃប្រទេសជាតិ ឯកឧត្ដមអភបាលខេត្ត បញ្ជាក់ថា សុខសន្តិភាពយូរអង្វែង នាំមកនូវការរីកចម្រើនសម្រាប់ប្រទេសជាតិ ជាពិសេស ប្រជាពលរដ្ឋទទួលបានផលប្រយោជន៍ ជាបន្តបន្ទាប់ សន្តិភាព ពិតជាមានតម្លៃណាស់ សម្រាប់យើងទាំងអស់គ្នា មិនថាលោក យាយ នៅទីនេះទេ ពោលគឺ សម្រាប់ប្រជាពលរដ្ឋ នៅទូទាំងប្រទេសកម្ពុជា ផងដែរ សន្តិភាព គឺបានមកពីការរួមចំណែក ពីយើងទាំងអស់គ្នា ក្រោមការដឹកនាំដ៏ឆ្លៀសវៃ របស់សម្ដេចតេជោ ហ៊ុន សែន ហើយបានមក ដោយក្ដីលំបាកបំផុត យើងទាំងអស់គ្នា ឆ្អែតហើយ ក្នុងជីវិតរស់នៅក្នុងភ្លើងសង្គ្រាម ។ អញ្ចឹងទេ យើងត្រូវចូលរួមចំណែក ថែរក្សាសន្តិភាពនេះ ឲ្យបានគង់វង់ស្ថិតស្ថេរ ទៅមុខបន្តទៀត ។ ឯកឧត្ដមបញ្ជាក់ថា ថ្វីត្បិតតែ នាបច្ចុប្បន្ន យើងកំពុងរស់នៅ ជាមួយនឹងប្រទេស ដែលសុខសន្តិភាព និងសំបូរសប្បាយ ក៏ពិតមែន ក៏ប៉ុន្តែយើងម្នាក់តោងគិតគូដោយខ្លួនឯង ទៅលើបញ្ហាសុខភាព ។ តាមរយៈនេះ សូមឲ្យលោកតា យាយ យកចិត្តទុកដាក់ អំពីសុខភាព បើមានជម្ងឺដង្កាត់ផ្សេងៗ សូមទៅកាន់មន្ទីរពេទ្យ ឲ្យបានទាន់ពេលវេលា ។

នាឱកាសនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាមក៏បានផ្ដល់ជូននូវវត្ថុកំដរដៃ សម្រាប់យាយ តា ទាំង ២០០នាក់ ដោយម្នាក់ៗក្រណាត់ស ១ដុំ និងថវិកា ២ម៉ឺនរៀល ផងដែរ ៕