កំពង់ចាម៖រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត នៅសាលប្រជុំសាលាខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល កងកម្លាំងទាំងបី ថ្នាក់ដឹកនាំមន្ទីរ វិស័យជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួន។
កិច្ចប្រជុំមានរបៀបវារៈសំខាន់ៗចំនួន ៤
១. ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់នៃកិច្ចប្រជុំសាមញ្ញ លើកទី៣៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។
២. ពិនិត្យពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ បូកសរុបលទ្ធផលការងារឆមាសទី១ និងទិសដៅប្រចាំឆមាសទី២ ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកំពង់ចាម ។
៣. ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងផែនការសកម្មភាពត្រីមាសទី៣ (កក្កដា សីហា និងកញ្ញា) ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកំពង់ចាម។
៤. បញ្ហាផ្សេងៗ។