ឯកឧត្តម អ៊ុភឿន គុណវុឌ្ឍ អភិបាលរងខេត្តកំពង់ចាម អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម នៅក្នុងពិធីប្រកាសសមាសភាពប្រធាន ក្រុមប្រឹក្សាឃុំ មេឃុំ ជំទប់ និងសមាជិកក្រុមប្រឹក្សាឃុំ អាណត្តិទី៥ នៅឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម


ស្រុកបាធាយ៖ឯកឧត្តម អ៊ុភឿន គុណវុឌ្ឍ អភិបាលរងកំពង់ចាម បានថ្លែងថា ពេលនេះ ទោះបីមកក្រុមប្រឹក្សាឃុំ សង្កាត់ មកពីគណបក្សនយោបាយ ណាក៏ដោយ គឺត្រូវរួមគ្នា បំរើសេវាជូនប្រជាពលរដ្ឋឲ្យល្អប្រសើរ និងកសាងអភិវឌ្ឍន៍ នៅមូលដ្ឋានរៀងៗខ្លួន ឲ្យកាន់តែជឿនលឿន ទៅមុខថែមទៀត ។ ថ្លែងយ៉ាងដូច្នេះ នៅក្នុងឱកាស ដែលឯកឧត្តមអភិបាលរងខេត្ត អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម នៅក្នុងពិធីប្រកាសសមាសភាពប្រធាន ក្រុមប្រឹក្សាឃុំ មេឃុំ ជំទប់ និងសមាជិកក្រុមប្រឹក្សាឃុំ អាណត្តិទី៥ នៅឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ ។


ឯកឧត្ដម អ៊ុភឿន គុណវុឌ្ឍ អភិបាលរងខេត្ត បានបញ្ជាក់ថា ក្នុងអាណត្តិទី៥ នេះ សម្រាប់ក្រុមប្រឹក្សាឃុំតាំងក្រាំង នៃស្រុកបាធាយ ដែលបានធ្វើពិធីប្រកាសសុពលភាព នាថ្ងៃនេះ គឺបានជាប់ឆ្នោត ដោយសារការពេញចិត្ត និងការបោះឆ្នោតជ្រើសរើស ពីប្រជាពលរដ្ឋជាម្ចាស់ឆ្នោត តាមលទ្ធិប្រជាប្រជាតេយ្យ ។ ដូច្នេះ សូមលើកទឹកចិត្ត ដល់ក្រុមប្រឹក្សាឃុំតាំងក្រាំង អាណត្តិថ្មី ត្រូវខិតខំបន្តបំពេញតួនាទីភារកិច្ច និងបន្តកសាងអភិវឌ្ឍន៍ មូលដ្ឋានរបស់ខ្លួនឲ្យបានល្អប្រសើរ ជាពិសេស ការចូលរួមអនុវត្តផែនការ ទៅតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ។
សូមជម្រាបជូនថា ដំណើរការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលប្រព្រឹត្តិទៅថ្ងៃទី០៥ ខែមិថុនា កន្លងទៅនេះ ជាលទ្ធផល ក្នុងឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម មាន ៩អាសនៈ ក្នុងនោះមានគណបក្សនយោបាយចំនួន ៤ រួមមាន ៖គណបក្សប្រជាជនកម្ពុជា ទទួលបាន ៦អាសនៈ ទទួលបានតំណែងជាប្រធាន ជាមេឃុំ គណបក្សភ្លើងទៀនទទួលបាន ២ អាសនៈ ទទួលបានតំណែង ជំទប់ទី១ គណបក្សខ្មែរស្រលាញ់ជាតិ ទទួលបាន ១អាសន: ទទួលបានតំណែងជាជំទប់ទី ២ និងគណបក្សសញ្ជាតិកម្ពុជា ទទួលបាន ០អាសនៈ ផងដែរ ៕