សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងអង្គមិទ្ទិញអបអរសាទរខួប ៧១ឆ្នាំ ថ្ងៃកំណើតបក្សប្រជាជនកម្ពុជា


កំពង់ចាម៖នៅព្រឹក ថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានអញ្ជើញជាអធិបតីក្នុងអង្គមិទ្ទិញអបអរសាទរខួប ៧១ឆ្នាំ ថ្ងៃកំណើតបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២២)។ ពិធីនេះបានប្រារព្ធធ្វើឡើងយ៉ាងមហោឡារឹកនៅវិមាន៧មករា ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស, សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសបក្ស, អនុប្រធានបក្សទាំង៤រូប សម្តេចវិបុលសេនាភក្តី សាយ ឈុំ ,សម្តេចក្រឡាហោម ស ខេង, សម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ព្រមទាំងមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា ជាច្រើនរូបទៀត។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីសោមនស្សរីករាយយ៉ាងខ្លាំងដែលបានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួប៧១ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជាជាប្រវត្តិសាស្រ្ត។ សម្តេចតេជោបានមានប្រសាសន៍ថា ចាប់តាំងពីថ្ងៃបដិសន្ធិមក គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជនផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរួញរាដើម្បីកម្ពុជា ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។ សម្តេចតេជោនាយករដ្ឋមន្ត្រីបន្តថា ក្នុងរយៈពេលជាង៤០ឆ្នាំកន្លងមកនេះ កម្ពុជាបានប្រែក្លាយពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍ ពីសមរភូមិនៃសង្គ្រាមដ៏រាំរ៉ៃ ពីការបែកបាក់ជាតិ និងគំនរផះផង់ទៅជាទឹកដីសន្តិភាព ឯកភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិឌ្ឍន៍លើគ្រប់វិស័យ ។

សម្តេចតេជោ ហ៊ុន សែន បានសម្តែងគារវភក្តីភាព និងកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅបំផុត ថ្វាយព្រះមហាក្សត្រ និងសម្តេចម៉ែ ដែលបាននិងកំពុងគង់ប្រថាប់ ក្នុងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់នៃប្រជារាស្ត្រខ្មែរនៅគ្រប់ទិសទី។ ទោះបីស្ថិតក្នុងកាលៈទេសៈណាក្ដីក៏ គណបក្សប្រជាជនកម្ពុជានៅតែរក្សាខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួន ដើម្បីកសាង និងការពារប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និង វឌ្ឍនភាពសង្គម។

សម្តេចតេជោបានមានប្រសាន៍ថាការសម្រេចបាន កំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាពក្នុងរយៈពេលជាង២ទសវត្សមកនេះ បានធ្វើឱ្យកម្ពុជាចេញផុតពីប្រទេសមានចំណូលទាបទៅជាប្រទេស មានចំណូលមធ្យមកម្រិតទាប ហើយកំពុងខិតខំពុះពារសម្រេចនូវចក្ខុវិស័យរបស់ខ្លួន ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០។ ភាពក្រីក្ររបស់ប្រជាជនត្រូវបានកាត់បន្ថយជាបន្តបន្ទាប់ ជីវភាពរបស់ ប្រជាជនត្រូវបានលើកកម្ពស់ជាលំដាប់ សន្តិសុខ សណ្តាប់ធ្នាប់ សុខសុវត្ថិភាពសង្គមមាន ភាពល្អប្រសើរ លទ្ធិប្រជាធិបតេយ្យចាក់ឫសកាន់តែរឹងមាំក្នុងសង្គមខ្មែរ។ កម្ពុជាបាននិង កំពុងចូលរួមដោយស្មើភាព និងស្មើសិទ្ធិក្នុងកិច្ចការអន្តរជាតិនានាទាំងក្របខណ្ឌតំបន់ និង សកល។ បច្ចុប្បន្ន ប្រជាជនយើងកំពុងរស់នៅប្រកបដោយភាពសុខដុមរមនា មានក្តីសង្ឃឹម និងមានឱកាសសម្រាប់មនុស្សគ្រប់រូប ជាពិសេសសម្រាប់ក្មួយៗជាយុវជនជំនាន់ក្រោយ។

សម្តេចតេជោបន្តទៀតថា សន្តិភាពដែលសម្រេចបានយ៉ាងលំបាកបំផុតដោយខ្មែរខ្លួនឯងនេះ និងសមិទ្ធផលដ៏ធំធេង នៃការស្តារ កសាង និងអភិវឌ្ឍសង្គមជាតិ បានបញ្ជាក់ច្បាស់នូវសច្ចធម៌មួយ គឺខ្មែរអាចធ្វើ បាននូវអ្វីៗគ្រប់យ៉ាង ឱ្យតែយើងមានសាមគ្គីភាព មានភាពជឿជាក់លើបុព្វហេតុរបស់ខ្លួន ហើយរួមគា្នដើរទៅមុខលើវិថីមួយដ៏ត្រឹមត្រូវ។ និយាយរួមមករាល់សមិទ្ធផល ដែលគណបក្សបានសម្រេចជូនជាតិក្នុងរយៈពេល ៤៣ឆ្នាំមកនេះ គឺអាស្រ័យដោយគណបក្សមានភាពត្រឹម ត្រូវខាងនយោបាយ មានការគាំទ្រពេញទំហឹងពីប្រជាជន មានរចនាសម្ព័ន្ធរឹងមាំ និងធនធានមនុស្សប្រកបដោយគុណធម៌ និងសមត្ថភាព មានសាមគ្គីភាពឯកភាពផ្ទៃក្នុងរឹងមាំ និងរបៀប របបធ្វើការងារត្រឹមត្រូវ។

ប្រភពរូបភាពនិងអត្ថបទ៖Samdech Hun Sen Cambodian Prime Miniser