កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ កន្លងទៅ ឯកឧត្តម កៅ សុខអាន អភិបាលរង នៃគណៈអភិបាល ខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីភាព ក្នុងពិធីក្រុងពលីបើកការដ្ឋានសាងសង់អគារ អន្តេវាសិក សម្រាប់កុមារពិការភ្នែក និងគថ្លង់ ១ខ្នង មានកម្ពស់ ២ជាន់ ស្មើនឹង ១២បន្ទប់ នៅក្នុងវិទ្យាល័យអប់រំពិសេសកំពង់ចាម ដែលជាអំណោយរបស់ ឯកឧត្តម ឧប្បនាយករដ្ឋមន្រ្តី ហោ ណាំហុង និងលោកជំទាវ បូរី ហោ។
លោក កែវ ផល្លី នាយកវិទ្យាល័យ អប់រំពិសេស កំពង់ចាម បានឲ្យដឹងថា វិទ្យាល័យអប់រំពិសេសកំពង់ចាម មានទីតាំងស្ថិតនៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ជាអតីតៈជាសាលាកុមារពិការភ្នែក ឬកុមារគថ្លង់កំពង់ចាម របស់អង្គការគ្រួសារថ្មី ហើយត្រូវបានប្តូរឈ្មោះជា វិទ្យាល័យអប់រំពិសេសកំពង់ចាម ចាប់ពីឆ្នាំសិក្សា២០១៧-២០១៨ ឱ្យស្ថិតនៅក្រោមក្រសួងអប់រំ យុវជន និងកីឡា ។ បច្ចុប្បន្ន មានបុគ្គលិក សរុបមានចំនួន ៣៥នាក់ ស្រី ១២នាក់ សិស្សសរុប ចំនួន ១៨០នាក់ ស្រីចំនួន ៧៣នាក់ ក្នុងនោះ មានសិស្សពិការភ្នែក ចំនួន ៦១នាក់ ស្រីចំនួន ២៦នាក់ សិស្សគថ្លង់ចំនួន ១០៤នាក់ ស្រីចំនួន ៤២នាក់ និងសិស្សកំពុងរៀនសាកលវិទ្យាល័យចំនួន ១៥នាក់ ស្រីចំនួន ០៥នាក់ ផងដែរ ។ ចំពោះសិស្សមកពីខេត្តឆ្ងាយ ត្រូវការកន្លែងស្នាក់នៅ សម្ភារៈស្នាក់នៅ សម្ភារ អនាម័យខ្លួនប្រាណ និងអាហារបីពេល ។ ចំណែកសិស្ស នៅជិតប្រើមធ្យោបាយផ្ទាល់ខ្លួន និងត្រូវការអាហារថ្ងៃត្រង់ មួយពេល រីឯសិស្សមួយចំនួននៅខេត្តត្បូងឃ្មុំ មានរថយន្តជូនទៅមកពីក្រុងសួង មកសាលា និងផ្តល់អាហារថ្ងៃត្រង់ មួយពេល ផងដែរ ។
នាឱការនោះដែរ តំណាងឱ្យកុមារពិការភ្នែក ពិការគថ្លង់ និងលោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យអប់រំពិសេសកំពង់ចាម លោក កែវ ផល្លី បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ ឯកឧត្តម ហោ ណាំហុង និងលោកជំទាវ ដែលបានផ្តល់មូលនិធិ សម្រាប់សាងសង់អគារស្នាក់ នៅជូនកុមារពិការភ្នែក ពិការគថ្លង់នៅទីនេះ ។
សូមបញ្ជាក់ដែរថា ពិធីខាងលើ បានដំណើរទៅតាមកិច្ចសាសនា ដើម្បី សុំពរសេចក្ដីសុខ សេចក្ដីចំរើន ពីម្ចាស់ទឹកដី ដើម្បី ឲ្យកិច្ចដំណើរការសាងសង់អគារនេះ បានដំណើរការដោយរលូន និងសម្រេចលទ្ធផលជោគជ័យ តាមការរំពឹងទុក និងដើម្បី សម្រួលដល់ការស្នាក់អាស្រ័យរបស់ក្មួយៗកុមារពិការភ្នែក និងកុមារគរថ្លង់ ៕