ពូជស្រូវសែនក្រអូប ចំនួន ២៨.៦៥០គក្រ ចែកជូនប្រជាកសិករចំនួន ៥៧៣គ្រួសារ នៅឃុំស្រម៉ ស្រុកជើងព្រៃ ខេត្តកំពង់ចាម


ពូជស្រូវសែនក្រអូប ចំនួន ២៨.៦៥០គក្រ ជាអំណោយ របស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសទ បានផ្ដល់ជូនប្រជាកសិករចំនួន ៥៧៣គ្រួសារ នៅឃុំស្រម៉ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ ពិធីចែកពូជស្រូវនេះ រៀបចំនៅបរិវេណវត្តស្រាម ក្រោមអធិបតីភាព ឯកឧត្តម ឱក គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្ដម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ។

ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម បានថ្លែងអំណរគុណ ចំពោះ ឯកឧត្តម រដ្ឋមន្ត្រី វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកជើងព្រៃ ដែលបានសម្រេចចិត្ត ផ្ដល់នូវពូជស្រូវ ដើម្បី ឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ នៅក្នុងវេទិកាសាធាររណៈ កាលពីពេលថ្មីៗកន្លងទៅនេះ ។ ឯកឧត្ដមអភិបាលខេត្ត មានប្រសាសន៍ថា នៅក្នុងឃុំស្រម៉រ ស្រុកជើងព្រៃ មានផ្ទៃដីស្រូវ រងផលប៉ះពាល់ ដោយសារគ្រោះរាំងស្ងួត មានចំនួន ៣៥៨ហិចតា ស្មើនឹង ៥៧៣គ្រួសារដោយមានការយកចិត្តទុកដាក់ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជា អាជ្ញាធរខេត្ត និងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម ក៏បានផ្ដល់ស្រូវពូជ ចំនួន ២៨.៦៥០គីឡូក្រាម ដល់ប្រជាកសិករទាំង ៥៧៣គ្រួសារ ក្នុងមួយគ្រួសារទទួលបានពូជស្រូវ ចំនួន ៥០គីឡូក្រាមសម្រាប់យកទៅដាំដុះ ដើម្បី ស្ដារលទ្ធភាពបង្កបង្កើនផល ឡើងវិញឯកឧត្ដម បានលើកឡើងដែរថា កាលពីខែកក្កដា កន្លងទៅ ខេត្តកំពង់ចាម ជួបបញ្ហាប្រឈមដោយគ្រោះរាំងស្ងួត នៅតំបន់មួយចំនួន ដែលធ្វើឲ្យប៉ះពាល់ដល់ដំណាំស្រូវចំនួន ៦០០៣ហ.ត ក្នុងនោះស្រុកបាធាយប៉ះពាល់ ១២ឃុំ ស្មើនឹង ២១.៤៥ហ.ត ស្រុកជើងព្រៃ ប៉ះពាល់ ៩ ឃុំ ស្មើនឹង៣១៨១ហ.ត ស្រុកព្រៃឈរប៉ះ ពាល់ ១២ឃុំ ស្មើនឹង ៥៣០ហ.ត ស្រុកស្ទឹងត្រង់ប៉ះពាល់ ៣ឃុំ ស្មើនឹង ១៤៧ហ.ត ផងដែរ

ឯកឧត្តម ឱក គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសា មានប្រសាសន៍ថា ពូជស្រូវ ដែលបានចែកជូន នាពេលនេះ វាមិនសម្រាប់បងប្អូនទាំងអស់ឡើយ ពោលគឺ បានចែកជូនសម្រាប់តែអ្នកប៉ះពាល់ ពិតប្រាកដ និងមានតម្រូវការចាំបាច់ ប៉ុណ្ណោះ ។ ដូច្នេះ សូមបងប្អូនផ្សេងៗទៀត មានការយោគយល់អធ្យាស្រ័យ ចំពោះ អំណោយនេះ ផងដែរ ។ តាមរយៈនេះ សូមបងប្អូន ដែលទទួលបានពូជស្រួវហើយ សូមយកទៅទុកដាក់ និងសាបព្រោះ លើដីបង្កបង្កើនផល ឲ្យទាន់ពេលវេលា ៕ សារ៉ាត