ការ​បណ្តុះបណ្តាល​ធនធាន​មនុស្សចាប់​ពី​​ថ្នាក់​កំរិត​​មូលដ្ឋាន​ រហូត​ដល់​ថ្នាក់​ឧត្តមសិក្សា​ គឺ​ជា​ការចូល​រួមចំណែក​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​


នៅព្រឹកថ្ងៃទី១៧ សីហានេះ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ចាម​ បាន​ថ្លែង​ថា​ ការ​បណ្តុះបណ្តាល​ធនធាន​មនុស្សចាប់​ពី​​ថ្នាក់​កំរិត​​មូលដ្ឋាន​ រហូត​ដល់​ថ្នាក់​ឧត្តមសិក្សា​ គឺ​ជា​ការចូល​រួមចំណែក​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ ដែល​ជំហាន​ដំបូង​គឺ​ត្រូវចេញ​ពី​តំបន់​របស់​យើង​នេះ​ហើយ​ដែល​ពោរពេញ​ទៅ​ដោយ​សមត្ថភាព​ពិត​ប្រាកដ​ អញ្ចឹង​ទេ​សូម​ឲ្យ​ពុក​ម៉ែ​បងប្អូន​បញ្ជូន​កូន​ចូល​សាលា​ឲ្យ​បាន​គ្រប់​​ៗ​គ្នា​ ហើយ​ក៏​​សូម​ឲ្យ​​ប្អូនៗ​កូន​ក្មួយ​ ត្រូវ​ខិតខំ​សិក្សា​រៀនសូត្រ​ ដេីម្បី​យក​ចំណេះដឹង​របស់​យេីង​ទៅ​​​កសាង​​អនាគត​ខ្លួន​ឯង​ និង​ចូល​រួម​​ចំណែក​កសាង​សង្គម​ជាតិ​យើង​​ឲ្យ​កាន់​តែ​​មាន​ការ​រីកចម្រើន​ឡេីង​ ក្រោម​ដំបូល​នៃសុខសន្តិភាព​ ដឹកនាំ​ដោយ​គតិបណ្ឌិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។

ការ​ថ្លែង​យ៉ាង​ដូច្នេះ​ក្នុង​ឱកាស​ដែល​ឯកឧត្តម​អភិបាល​ខេត្ត​ បាន​អញ្ជើញ​ចូល​រួម​សម្ពោធ​អាគារសិក្សា១ខ្នង ៦បន្ទប់ នៅសាលាបឋមសិក្សាត្រពាំងជ្រៃ ស្ថិត​ក្នុង​ភូមិពាមក្នុង ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែល​ជាអំណោយ​របស់​ ឯកឧត្តម សេង ទៀង នាយរងខុទ្ទកាល័យសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ។​

គួរ​បញ្ជាក់​ផង​ដែរថា​ ដោយមើលឃើញពីការលំបាករបស់សិស្សានុសិស្ស មានកំណើនកើនឡើង​ និង​អគារ​ចាស់​ប្រក​ដោយ​ស័ង្កសី​មាន​ស​ភាព​ទ្រុឌទ្រោម​ផង​នោះ​ ឯកឧត្តម សេង ទៀង នាយករងខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និង​លោក​ជំទាវ​ បានជួយឧបត្តម្ភ អគារសិក្សា ១ខ្នង ៦បន្ទប់ ដែលចំណាយថវិកាសរុបអស់​ ចំនួន៥១០០០ដុល្លារ។ ក្រៅពីសមិទ្ធិផលដ៏ថ្លៃថ្លានេះ ឯកឧត្តមក៏បានឧបត្តម្ភសមិទ្ធិផលនានាជាច្រើន​ទៀត​ នៅក្នុងឃុំពាមកោះស្នា​ ស្រុក​ស្ទឹងត្រង់​នេះ​ផងដែរ​ ៕