រដ្ឋបាលខេត្តកំពង់ចាមបានរៀបចំប្រារព្ធពិធី ទិវាជាតិនៃការចងចាំ ២០ ឧសភា ជូនដល់បងប្អូនប្រជាពលរដ្ឋស្លូតត្រង់ កម្មាភិបាល យុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិ ដែលបានបាត់បង់ជីវិត ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត


រដ្ឋបាលខេត្តកំពង់ចាមនាព្រឹកថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២២ បានរៀបចំប្រារព្ធពិធី ទិវាជាតិនៃការចងចាំ ២០ ឧសភា ជូនដល់បងប្អូនប្រជាពលរដ្ឋស្លូតត្រង់ កម្មាភិបាល យុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិ ដែលបានបាត់បង់ជីវិត ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានធ្វើឡើងនៅបរិវេណមណ្ឌលឧក្រិដ្ឋកម្មភ្នំប្រុស ស្ថិតនៅភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ។

ក្នុងពិធីខាងលើនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្រ្តីរាជការនានា សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនទៀតផងដែរ។

ពិធីនេះបាននិមន្តព្រះសង្ឃរាប់បាត្រ ៧៩អង្គ ដើមី្បឧទិ្ទសមហាកុសល ផលបុណ្យជូនដល់ប្រជាជន យុទ្ធជន យុទ្ធនារី កម្មាភិបាលអ្នកស្នេហាជាតិ និងបុព្វការីជន ដែលបានចែកឋានទៅ ដោយអំពើឃោឃៅ ព្រៃផ្សៃ និង អយុត្តិធម៌ នៃរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។

សូមបញ្ជាក់ថាថ្ងៃទី២០ ឧសភា នេះ ជាថ្ងៃរំលឹកទិវាជាតិនៃការចងចាំ ដែលប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅនិងខ្មៅងងឹត។ ទិវានេះ ជាការរំលឹកដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង៣លាននាក់ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។

ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹង និងបានយល់ច្បាស់អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជិត៣ទសវត្សរ៍ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ។

ដើម្បីកុំអោយរបបនេះវិលត្រឡប់មកវិញ យើងត្រូវចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្សពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត៕