កំពង់ចាម៖នារសៀលថ្ងៃអាទិត្យ ទី១៥ ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ុន ចាន់ដា សមាជិក គណៈកម្មាធិការ ថ្នាក់កណ្តាល -ប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះជួយក្រុងកំពង់ចាម អញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងប្រកាស បញ្ចូលសមាជិកថ្មី របស់គណបក្សប្រជាជនកម្ពុជា សង្កាត់កំពង់ចាម និងសង្កាត់សំបួរមាស ក្រុងកំពង់ចាម ចំនួន ១,៤៨៩នាក់ ដែលធ្វើឡើងនៅសាលប្រជុំសសរ ១០០ សម្តេចតេជោ សួនក្រញូង នគរបាជ័យ។ ពិធីនេះក៏មានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ឯកឧត្ដម ខ្លូត ផន អនុប្រធានគណៈប្រចាំការគណបក្សខេត្ត និងឯកឧត្តម សុខ សុីឡូ តំណាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ចាម និងដោយមានការចូលរួមពីសំណាក់ សមាជិក អចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត/ក្រុង/សង្កាត់ ក្រុមការងារគណបក្សចុះជួយក្រុង/សង្កាត់ សាខាបក្សភូមិ និងសមាជិក សមាជិកាថ្មី សរុបប្រមាណជាង ១,៥០០នាក់។
បន្ទាប់ពីតំណាងសមាជិកថ្មីបានឡើងធ្វើការប្តេជ្ញាចិត្តជាឱឡារឹក ក្រោមសំឡេងទះដៃយ៉ាងកងរំពង ឯកឧត្តម អ៊ុន ចាន់ដា ក្នុងនាមគណបក្សខេត្ត អញ្ជើញមានប្រសាសន៍សំណេះសំណាល ប្រកបដោយមនោសញ្ចេតនារីករាយ និងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាជិកថ្មីដែលបានស្ម័គ្រចិត្តសុំចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា ដោយការមើលឃើញ និងជឿជាក់យ៉ាងមុតមាំថាមានតែសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំប្រទេសមានសុខសន្តិភាព និងការរីកចម្រើន ដែលពុំមានគណបក្សណាអាចធ្វើបាន។
ឯកឧត្តម ប្រធានគណបក្សខេត្ត បន្តថា សូមឱ្យបងប្អូនសមាជិកថ្មី រក្សានូវគោលជំហរស្មោះត្រង់ជាមួយគណបក្ស កុំជឿពាក្យញុះញង់ពីគណបក្សផ្សេង ដោយរក្សាឱ្យបានមូវសាមគ្គីភាព ក្នុងនាមជាមហាគ្រួសារគណបក្សកម្ពុជា។
ឯកឧត្តមប្រធាន ក៏បានស្នើដល់បងប្អូនសមាជិកថ្មី ឱ្យមានភាពស្មោះត្រង់ជាមួយគណបក្សប្រជាជនកម្ពុជា និងសូមទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា ស្របតាមទិសស្លោក” សមាជិកគណបក្សម្នាក់ ជាសន្លឹកឆ្នោតគាំទ្រគណបក្ស១សន្លឹក” និងសូមចលនាសាច់ញាតិមិត្តភក្តិ បងប្អូនឱ្យទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាផងដែរ ដើម្បីគណបក្សយើងមានលទ្ធភាពបន្តដឹកនាំកសាងអភិវឌ្ឍមាតុភូមិក្នុងគន្លងសុខសន្តិភាព និងការរីកចម្រើនជាលំដាប់ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ ប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ៕