ឯកឧត្តមប្រធានក្រុមការងារ និងសហការីបានបន្តដំណើរមកឃុំគគរ ក្នុងស្រុកកំពង់សៀមដដែល ដើម្បីជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងសមាជិកបក្សចំនួន ១ ២០០នាក់


អញ្ជើញចេញពីឃុំហាន់ជ័យ ឯកឧត្តមប្រធានក្រុមការងារ និងសហការីបានបន្តដំណើរមកឃុំគគរ ក្នុងស្រុកកំពង់សៀមដដែល ដើម្បីជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងសមាជិកបក្សចំនួន ១ ២០០នាក់ ដែលពិធីនេះបានរៀបចំក្នុងបរិវេណវត្តបភាវត្យារាមគគរ។ កម្មវិធីសំណេះសំណាលនាពេលនេះបានដំណើរការដូចកម្មវិធីមុនៗដែរ គឺមានរបាយការណ៍ដែលអានដោយលោកមេឃុំគគរ និងការសំណេះសំណាលរបស់ឯកឧត្តមប្រធានក្រុមការងារជាមួយបងប្អូនមានខ្លឹមសារ និងអត្ថន័យសំខាន់ៗមិនខុសពីកម្មវិធីកន្លងមកនោះទេ ដែលសូមអនុញ្ញាតសង្ខេបជូនដូចខាងក្រោម ៖

១- បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មកជូនបងប្អូនទូទាំងស្រុកកំពង់សៀម ដោយឡែកបងប្អូនអញ្ជើញមកពីឃុំរអាង ឃុំអំពិល ឃុំហាន់ជ័យ និងឃុំគគរ ហើយសម្តេចបានជូនពរឲ្យបងប្អូនប្រជាពលរដ្ឋជួបតែពុទ្ធិពរទាំង ៤ប្រការ។

២- ធ្វើការវាយតម្លៃខ្ពស់ចំពោះឆន្ទ:ពុះពារ និងលះបង់គ្រប់បែបយ៉ាងក្នុងស្មារតីទទួលខុសត្រូវរបស់ឯកឧត្តមប្រធាន អនុប្រធាន សមាជិកក្រុមការងារចុះជួយឃុំទាំងបួន ដែលបានគិតគូយកចិត្តទុកដាក់អំពីបញ្ហាជីវភាព សេចក្តីត្រូវការ រួមសុខ រួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋក្នុងការដោះស្រាយនូវរាល់បញ្ហានានាដែលប្រជាពលរដ្ឋជួបប្រទះបានទាន់ពេលវេលា ទូលំទូលាយ និងមានប្រសិទ្ធភាព ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ។

៣- សំណូមពរឲ្យឱពុកម្តាយ និងអាណាព្យាបាលត្រូវលើកទឹកចិត្តឲ្យកូន ចៅទៅសិក្សារៀនសូត្រដើម្បីចៀសឲ្យផុតពីអនក្ខរភាព ក្លាយជាទំពាំងស្នងឬស្សីដ៏ល្អនាពេលអនាគត ចូលរួមអភិវឌ្ឍមូលដ្ឋានខ្លួន ដើម្បីចៀសឲ្យផុតពីភាពក្រីក្រ។

៤- ត្រូវខិតខំយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ សុខភាពល្អ សេដ្ឋកិច្ចគ្រួសារប្រសើរ និងមានសុភមង្គល។

៥- ត្រូវចូលរួមសហការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ជាពិសេសត្រូវចៀសឲ្យផុត មិនពាក់ព័ន្ធការផលិត ចរាចរ ជួញដូរ និងប្រើប្រាស់គ្រឿងញាណ រួមទាំងល្បែងស៊ីសងគ្រប់ប្រភេទ។

៦- សកម្មភាពរបស់សង្គមជាតិយើងចាប់ផ្តើមដំណើរការឡើងវិញជាបន្តបន្ទាប់ បងប្អូនត្រូវចាប់ ផ្តើមស្តារសេដ្ឋកិច្ចគ្រួសារ តាមគ្រប់រូបភាពដើម្បីនិរន្តរភាពសន្តិសុខស្បៀង។

៧- បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋអញ្ជើញទៅប្រើសិទ្ធិជាពលរដ្ឋទៅចូលរួមបោះឆ្នោតគ្រប់ៗគ្នា ជូនគណ:បក្សប្រជាជនកម្ពុជា គឺដើម្បីសុខសន្តិភាព និងការអភិវឌ្ឍ ហើយក៏មិនត្រូវស្តាប់ និងជឿពាក្យឃោសនា បោកបញ្ឆោត មួលបង្កាច់ពីជនអគតិ ដែលមានចេតនាផ្តួលរំលំរាជរដ្ឋាភិបាលរបស់យើង។