ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី ទទួលបន្ទុក បេសកកម្ម ជាអនុប្រធានទី ១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំ ត្រួតពិនិត្យការងារត្រៀមបង្កា និងសង្រ្គោះគ្រោះមហន្តរាយ នៅខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២២ ខែកក្កដា នេះ ។ ក្នុងអង្គពិធីនេះដែរ ក៏មានការចូលរួមពី ឯកឧត្តម ហង្ស សាមឿន អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម និងអាជ្ញាធរថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ រួមទាំង តំណាងកាកបាទក្រហមខេត្ត អង្កការដៃគូអភិវឌ្ឍនានា ផងដែរ ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជម្រាបជូនអំពីស្ថានភាពគ្រោះមហន្តរាយ នៅក្នុងខេត្ត និងលទ្ធផលការងារ របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក្នុងរយៈពេល ៦ខែ ដើមឆ្នាំ២០១៩ គ្រោះអគ្គិភ័យ កើតឡើងសរុបចំនួន ២៥ករណី ឆេះផ្ទះចំនួន ៤៥ខ្នង ។ ករណីខ្យល់កន្ត្រាក់ បានកើតឡើងចំនួន ១៨លើក បណ្តាលឲ្យរលំផ្ទះ ៤៥ខ្នង របើកដំបូលផ្ទះ ៣៨០ខ្នង និងរបួសមនុស្សចំនួន ០៣នាក់ ។ ករណីរន្ទះបាញ់ បានកើតឡើង ចំនួន ០៧លើក បណ្តាលឲ្យស្លាប់មនុស្សចំនួន ០៤នាក់ ។ ទន្ទឹមនឹងនោះដែរ អ្វីដែលធ្ងន់ធ្ងរលើសពីនេះ គឺការបាក់ស្រុតច្រាំងទន្លេ ដែលបញ្ហានេះបាននឹងកំពុងប្រឈមយ៉ាងខ្លាំង ទៅនឹងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានា ពិសេស លំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេមេគង្គ ដែលកើតឡើងលើ ក្រុង-ស្រុកចំនួន ០៦ គឺ ៖ ក្រុងកំពង់ចាម ស្រុកស្ទឹងត្រង់ ស្រុកកំពង់សៀម ស្រុកកោះសូទិន ស្រុកកងមាស និងស្រុកស្រីសន្ធរ ដែលបានធ្វើឲ្យបាក់ស្រុតច្រាំងទន្លេ ចំនួន ១៩កន្លែង មានបណ្តោយប្រវែង ៣៣.៤៨២ម៉ែត្រ ទទឹងចាប់ពី ៥ម៉ែត្រ ទៅ ១១៨ម៉ែត្រ ស្មើនឹងផ្ទៃក្រឡា ១.០៦២.២៩០ម៉ែត្រការ៉េ ប៉ះពាលផ្ទះប្រជាពលរដ្ឋចំនួន ២៦៥ខ្នង និងមណ្ឌលសុខភាព ០១កន្លែង ។ ចំពោះមុខ តាមការប៉ាន់ប្រមាណ របស់អ្នកជំនាញ ក្រោយពីទឹកសម្រកឆ្នាំ២០១៩ នឹងមានផ្ទះចំនួន ៥៤២ខ្នង សាលាឃុំ ០១កន្លែង ប្រឈមនឹងការបាក់ស្រុត ផងដែរ ។
មានប្រសាសន៏នាឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី មានប្រសាសន៍ កោតសសើរ និងវាយតម្លៃខ្ពស់ដល់អាជ្ញាធរថ្នាក់ក្រោមជាតិ និងថ្នាក់មូលដ្ឋានសហគមន៏ ព្រមទាំងកងកម្លាំងប្រដាប់អាវុធ ដែលកន្លងមកតែងតែសហការគ្នាបានល្អ និង ធ្វើការឆ្លើយតប ទាន់ពេលវេលា ពេលមានគ្រោះមហន្តរាយ ។ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានជម្រុញ ដល់អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក និងអង្គការ ដៃគូអភិវឌ្ឍន៏នានា ធ្វើបច្ចុប្បន្នភាពផែនការ ត្រៀមបម្រុងសម្រាប់ឆ្លើយតបគ្រោះអាសន្នសម្រាប់ខេត្តខ្លួនក្នុងឆ្នាំ២០១៩ នេះ ។ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានជុំរុញឲ្យបន្តពង្រឹងសមត្ថភាព មន្ត្រីថ្នាក់ក្រោមជាតិលើការងារបច្ចេកទេស ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយនានាទាន់ពេលវេលាតាមរយៈការប្រើប្រាស់ ប្រព័ន្ធលេខ ១២៩៤(ដប់ពី កៅបួន) ដែលជាសេវាមិនគិតថវិកា តាមប្រព័ន្ធសេវាទូរស័ព្ទដូចជា ប្រព័ន្ធម៉ូប៊ីថែល ០១២ ស្មាត និងមិត្តហ្វូន សម្រាប់ផ្ដល់ព័ត៌មាន ជាមុខពេលមានគ្រោះមហន្តរាយកើនឡើង ចាប់ពីថ្នាក់ខេត្ត ស្រុក ក្រុង និងរហូតដល់ឃុំ ភូមិ សហគមន៍ និងប្រព័ន្ធវេទិការព័ត៌មាន ទាន់ហេតុការណ៍ (PRISM) នឹងការលើកកម្ពស់ ការត្រៀមបង្ការ ការឆ្លើយតបបន្ទាន់ តាមរយៈ ការប្រើប្រាស់បច្ចេកវិទ្យាប្រមូលព័ត៌មាន (Tablet) ការតាមដាន និងត្រួតពិនិត្យដែលជាយន្តការជំនួយក្នុងការសម្របសម្រួល និងធ្វើការសម្រេចចិត្តបានទាន់ពេលវេលា និងតាមដានជាប្រចាំក៏ដូចជាឆ្លើយតបទាន់ពេលវេលា នៅគ្រោះមហន្តរាយផ្សេងៗកើតឡើង គណៈកម្មាធិការគ្រោះមហន្តរាយក្រោមខេត្ត ក្រុង ស្រុក ត្រូវយកចិត្តទុកដាក់លើមុខសញ្ញារងគ្រោះដូចជា កុមារតូចៗ ចាស់ជរា ជនពិការ ជាដើម ក្នុងការត្រៀមជួយសង្គ្រោះ និងរកទីទួលសុវត្តិភាព ជូនប្រជាពលរដ្ឋរងគ្រោះ ។ ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម មានប្រសាសន៍លើកឡើងថា មន្រ្តីស្ថាប័នគណៈកម្មាធិកាជាតិ គ្រប់គ្រងគ្រោះមហន្តរាយ នាពេលបច្ចុប្បន្ននេះ សុទ្ធតែជាអ្នកមានជំនាញ និងមានបទពិសោធន៍គ្រប់គ្រាន់ នៅក្នុងការងារគ្រោះមហន្តរាយ ហើយបំពេញការងារទៅតាមតួនាទី ភារកិច្ច ដែលស្ថាប័នបាន ប្រគល់ជូនក្នុងស្មារតីទទួលខុសត្រូវខ្ពស់បំផុត និងជាអ្នកបំរើជាតិ មាតុភូមិ និងប្រជាជន និងទទួលបានប្រាក់ខែពីរដ្ឋ ។
គូសបញ្ជាក់ថា ការអនុវត្តការងារគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា នាពេលនេះ សម្គាល់ឃើញថា គឺជាការសមស្របបំផុត និងជាគុណប្រយោជន៍ ក្នុងការពិភាក្សាស្វែងរកចំណុចខ្លាំង និងចំណុចខ្សោយដើម្បី លើកកម្ពស់កិច្ចសហប្រតិបត្តិការ សម្រាប់ពេលអនាគត ។ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអង្គការដៃគូ ក្នុងគោលបំណងកាត់បន្ថយផលប៉ះពាល់ដល់សង្គម-សេដ្ឋកិច្ច និងបរិស្ថានដែលបង្កឡើងដោយមុខសញ្ញាគ្រោះថ្នាក់ដោយធម្មជាតិ និងដោយមនុស្សហើយក៏ជាការប្រយុទ្ធ និងហានិភ័យនៃគ្រោះមហន្តរាយ ៕ សារ៉ាត