ឯកឧត្តម វ៉េង សុខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ អញ្ជើញចូលរួមដង្ហែទានវស្សា


អស់រយ:ពេល ០៣ថ្ងៃហើយដែលឯកឧត្តមប្រធានក្រុមការងារ និងលោកជំទាវ ព្រមជាមួយ សហការី បានចែករំលែកពេលវេលាឈប់សម្រាកចុងសប្តាហ៍ ចុះមកតាមដាន ពិនិត្យកាងារ និងសាកសួរសុខទុក្ខពីបញ្ហាប្រឈមនានានៅមូលដ្ឋានផ្ទាល់ក្នុងស្រុកកំពង់សៀម និងស្រុកជើងព្រៃ ដើម្បីធ្វើការដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលាតាមការចាំបាច់ ហើយក៏ឆ្លៀតយកឱកាសនេះនាំយកទេយ្យទាន ទៀនព្រះវស្សា គ្រឿងឧបភោគ បរិភោគ និងបច្ច័យដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសមាជិក សមាជិកាមកប្រគេនជូនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តនានាទូទាំងស្រុកកំពង់សៀម និងស្រុកជើងព្រៃ។ ជាក់ស្តែងនៅរសៀលថ្ងៃទី១៣ ខែកក្តដា​ ឆ្នាំ២០១៩​ឯកឧត្តម វេង​សាខុន​ និងលោកជំទាវ ព្រមទាំងសហការី បានបន្តដំណើរមកកាន់វត្តសិរីខ្មុរដំបងដើម្បីប្រគេនទេយ្យទាន ស្លាដក់ ទៀនព្រះវស្សា ជូនព្រះចៅអធិការវត្តដែលតំណាងឲ្យវត្តទាំង១៤ ក្នុងឃុំខ្មុរដំបង ឃុំចា និងឃុំស្រម៉ ក្នុងស្រុកជើងព្រៃ។ វត្តទាំង ១៤នោះគឺ÷ វត្តសិរីខ្មុរដំបង វត្តសិរីបូទុម វត្តរតនារាម វត្តជរតាវ័ន្ត វត្តគុកពង្រ វត្តសិរីបាទី វត្តជោតនារាម វត្តប្រាសាទរង្សី វត្តពោធិវង្ស វត្តគីរីមង្គលសាលវ័ន្តបារមីព្រះអង្គព្រះឱស្ធទិព្វ វត្តនិធិជយារាម វត្តព្រះទន្ទឹម វត្តសិរីបូទុម និងវត្តសិរីអម្ពរវ័ន្ត។ 

នារសៀលថ្ងៃនេះក៏មានពិធីសំណេះសំណាលផងដែរ ដោយខ្លឹមសារជារួមគឺការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេច និងឯកឧត្តមថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាលទាំងអស់មកជូនពុទ្ធិបរិស័ទដែលអញ្ជើញមកពីឃុំទាំងបី។ បន្ទាប់មក លោកបានជម្រាបជូនអង្គពិធីអំពីដំណើរការវិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិជាបន្តបន្ទាប់ រហូតមកទល់បច្ចុប្បន្ន។ ក្រៅពីមតិសំណេះសំណាល លោកបានផ្តាំផ្ញើឲ្យសមាជិក សមាជិកាក្រុមការងារចុះជួយឃុំទាំងបី សហការជាមួយអាជ្ញាធរមូលដ្ឋាន បន្តអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីឲ្យបានខ្ជាប់ខ្ជួនគឺយើងត្រូវចុះមូលដ្ឋានបម្រើ និងដោះស្រាយបញ្ហាជូនប្រជាជនឲ្យអស់ពីចិត្តថ្លើម ទូលំទូលាយ ទាន់ពេលវេលា និងមាន ប្រសិទ្ធភាពខ្ពស់តាមការចាំបាច់។ ក្រៅពីនេះ លោកក៏បានក្រើនរំលឹកសមាជិក សមាជិកាចុះជួយឃុំទាំងបីឲ្យបន្តអនុវត្តគោលនយោបាយ ក៣ ឲ្យបានល្អប្រសើរ។ ដើម្បីការអភិវឌ្ឍ ភាពសុខសាន្ត និងសុភមង្គល លោកសូមឲ្យប្រជាពលរដ្ឋគ្រប់ៗរួបប្រឆាំងដាច់ខាតនូវបដិវត្តពណ៌ និងការធ្វើ      វិទ្ធង្សនាណាមួយដែលមានចេតនាប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ ហើយបន្តរួបរួមសាមគ្គីគ្នាគាំទ្រ និងថែរក្សាសុខសន្តិភាព ស្ថិរភាព និងសមិទ្ធផលដ៏មានតម្លៃរបស់សង្គមជាតិយើងឲ្យបានឋិតថេរគង់វង្សយូអង្វែង។

សូមបញ្ជាក់ថាវត្តនីមួយៗបានទទួលទៀនវស្សា ១គូ ទេយ្យទាន គ្រឿងឧបភោគ បរិភោគ និងថវិកាចំនួន ១លានរៀនស្នើៗគ្នា។ ដោយឡែក វត្តសិរីខ្មុរដំបង ដែលជាកន្លែងរៀបចំពិធីនាល្ងាចនេះ ឯកឧត្តមប្រធាន លោកជំទាវ និងសមាជិកក្រុមការងារបានជួយឧបត្ថម្ភថវិកាចំនួន ១០លានរៀលបន្ថែមទៀតដើម្បីធ្វើកសាងស្រះទឹកបន្តទៀត ហើយចំពោះពុទ្ធបរិស័ទទាំង ៣០០នាក់ ម្នាក់ៗទទួលបានថវិកា ២ម៉ឺនរៀលផងដែរ។ 

តាមរយ:អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឯកឧត្តមប្រធានបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចទាំងទ្វេ និងបានបួងសួងដល់គុណទេវតា វត្ថុស័ក្តិសិទ្ធិក្នុងលោក តាមជួយថែរក្សាសម្តេចមានសុខភាពល្អបរិបូរណ៍ កំលាំងមាំមួន បញ្ញាញាណភ្លឺថ្លា និងអាយុយឺនយូរតរៀងទៅ។ លោកក៏បានថ្លែងអំណរគុណជូនចំពោះសប្បុរសជន ពុទ្ធបរិ ស័ទ និងសមាជិកក្រុមការងារទាំងអស់ដែលបានចាប់មគ្គផលធ្វើបុណ្យ សូមទទួលយកនូវផលា និសង្ឃតាមសទ្ធារៀងៗខ្លួន និងសូមទទួលយកនូវពរជ័យទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ។