កំពង់ចាម៖នាព្រឹកថ្ងៃអាទិត្យ ១០រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធី សម្ពោធសមិទ្ធផលនានាក្នុងវត្តអម្ពរវ័នកៀនជ្រៃក្នុង ឃុំកៀនជ្រៃ ស្រុកកំពង់សៀម។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមអនុប្រធានក្រុមការងារចុះស្រុកកំពង់សៀម ឯកឧត្តមប្រធានក្រុមការងារចុះឃុំ ឯកឧត្តម លោកជំទាវជាសប្បុរសជនដែលបានអញ្ជើញមកពីទីជិត-ឆ្ងាយ លោកអភិបាលស្រុក សមាជិកក្រុមប្រឹក្សាស្រុក ឃុំ ព្រះចៅអធិការ ព្រះសង្ឃ យាយជី តាជី និងបងប្អូនប្រជាពលរដ្ឋចំណុះជើងវត្តមួយចំនួនទៀត។
មានមតិសំណេះសំណាលជាមួយបងប្អូនពុទ្ធិបរិស័ទ ឯកឧត្តមបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មកជូនបងប្អូនពុទ្ធិបរិស័ទទាំងអស់ និងបានជូនពរឲ្យបងប្អូនប្រជាពលរដ្ឋជួបតែពុទ្ធិពរទាំង ៤ ប្រការ។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខ តាង នាមឲ្យក្រុមការងាររាជរដ្ឋាភិបាល អាជ្ញាធរស្រុក និងប្រជាពលរដ្ឋទូទាំងស្រុកកំពង់សៀម សូមគោរពជូនពរចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បុត្រា បុត្រី ព្រមទាំងចៅប្រុស ចៅ ស្រី សមប្រកបដោយពុទ្ធពរដ៏ប្រសើរឧត្តមថ្លៃថ្លាទាំងបួនប្រការគឺអាយុ វណ្ណ: សុខ: និងពល: កុំបីឃ្លៀងឃ្លាយឡើយ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ ដែលបានខិតខំតស៊ូលះបង់គ្រប់បែបយ៉ាងក្នុងការកសាងប្រទេសជាតិឲ្យមានសុខសន្តិភាព និងការ អភិវឌ្ឍន៍ សម្បូរសប្បាយ សុខដុមរមនាគ្រប់ៗក្រុមគ្រួសារ និងសូមថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅផងដែរជូនចំពោះសម្តេចដែលបានស្វែងរកជំនួយ និងជៀវវ៉ាក់សាំងការពារជំងឺឆ្លងកូវីដ-១៩ មកចាក់ជូនបងប្អូនប្រជាពលរដ្ឋបានគ្រប់ៗគ្នា ធ្វើឲ្យស្ថានភាពនៃការរីករាលដាលជំងឺនេះ ត្រូវបានគ្រប់គ្រងល្អប្រសើរ ឈានទៅអនុញ្ញាតឲ្យបើកដំណើរការនូវរាល់សកម្មភាពសង្គមស្របតាមគន្លងប្រក្រតីភាពថ្មីឡើងវិញ។ តែទោះជាយ៉ាងណា ឯកឧត្តមប្រធានក្រុមការងារសំណូមពរឲ្យបងប្អូន ប្រជាពលរដ្ឋត្រូវប្រកាន់ខ្ជាប់នូវវិធានការ ៣កុំ ៣ការពារ ដើម្បីចូលរួមការពារជំងឺឆ្លងកូវីដ-១៩ ឲ្យមានប្រសិទ្ធភាព។
ចំពោះសមិទ្ធផលថ្មីៗក្នុងក្នុងវត្តអម្ពរវ័ន ឯកឧត្តមប្រធានបានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ជូនចំពោះឯកឧត្តមប្រធានក្រុមការងារចុះឃុំ សហការី លោកអភិបាលស្រុក ឃុំ និងសប្បុរសជនដែលបានបរិច្ចាគថវិការួមគ្នាកសាងឡើងទុកសម្រាប់គោរពបូជាទៅតាមប្រពៃណី និងព្រះពុទ្ធសាសនា។ ដោយឡែកវិស័យអាណាចក្រវិញ ក្រុមការងារ អាជ្ញាធរស្រុក ឃុំ ភូមិគ្រប់ជាន់ថ្នាក់ចុះដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋបានទាន់ ពេលវេលា និងមានប្រសិទ្ធភាពដូចជា ៖ ភ្លើងឆេះផ្ទះ ខ្យល់កន្រ្តាក់ គ្រោះថ្នាក់ចរាចរ ការឧបត្ថម្ភដល់ចាស់ជរាគ្មានទីពឹង ផ្ទះសប្បុរសធម៌ ការអនុវត្តគោលនយោបាយ ក៣ (កើត ការ និងមរណ:) និងគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ការអនុវត្តវិធានការ ៣កុំ ៣ការពារ។ កាយវិការដែលប្រកបដោយស្មារតីទទួលខុសត្រូវ និងសិល្ប:នៃការចែករំលែកនេះ ពិតជាបានបង្ហាញពីការគិតគូយកចិត្តទុកដាក់អំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ យកអស់ស្មារតីទទួលខុសត្រូវអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ គោលនយោបាយ និងវិធានការសំខាន់ៗរបស់រាជរដ្ឋាភិបាល និងរួមគ្នាការពារ និងថែរក្សាសុខសន្តិភាពឲ្យបានគង់វង្សតរៀងទៅ។
ឆ្លៀតយកឱកាសនៃការជួបជុំពុទ្ធបរិស័ទ ព្រះចៅអធិការដែលគង្កចាំព្រះវស្សានៅទូទាំងស្រុកកំពង់សៀម ព្រះសង្ឃ យាយជី តាជី និងអ៊ំ ពូ មីង ជួយដាំឈើក្នុងបរិវេណវត្ត ទីសាធារណ: សាលារៀន និងត្រូវរួមគ្នាធ្វើអនាម័យនៅតាមទីវត្តអារាម ទីប្រជុំជន និងតាមលំនៅឋានរៀងៗខ្លួន ដើម្បីបរិស្ថានស្អាត និងសុខុមាលភាពសង្គមគ្រួសារ និងត្រូវចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពឲ្យបានខ្ជាប់ខ្ជួន និងជាពិសេសមិនត្រូវចូលរួមជាដាច់ខាតនូវរាល់សកម្មភាពផលិត ចរាចរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនគ្រប់រូបភាព។ យកចិត្តទុកដាក់ស្តារជីវភាពគ្រួសារឡើងវិញ តាមរយ:ខិតខំបង្កបង្កើនផល ពិសេសដំណាំ ជាស្បៀងប្រចាំថ្ងៃមានបន្លែ ដំណាំ រួមផ្សំ ចិញ្ចឹមសត្វ និងត្រី។ ត្រូវបញ្ជូនកូនចៅឲ្យទៅសាលា សិក្សារៀនសូត្រ ដើម្បីលុបបំបាត់ភាពក្រីក្រតាមរយ:ការអភិវឌ្ឍន៍ធនធានមនុស្ស។ ត្រូវទៅបោះឆ្នោតនៅថ្ងៃទី ៥ ខែមិថុនា ខាងមុខជូនគណបក្សប្រជាជនដើម្បីផ្តល់ឱកាសឲ្យសម្តេចតេជោបន្តធ្វើការដឹកនាំប្រទេសជាតិឲ្យកាន់តែវិវឌ្ឍន៍រីកចម្រើនថែមទៀត។
ចុងបញ្ចប់នៃពិធី ឯកឧត្តមប្រធានក្រុមការងារបានប្រគល់ប័ណ្ណសរសើរជូនលោក និងលោកស្រី ដែលជាសប្បុរសជន និងបានអញ្ជើញរាប់បាត វេរប្រគេនបច្ច័យ គ្រឿងឧបភោគ និងបរិភោគជូនព្រះសង្ឃចំនួន ១០៨ អង្គផងដែរ។ នាឱកាសនេះ ឯកឧត្តម វេង សាខុន បានឧបត្ថម្ភថវិកាបន្ថែមចំនួន ៥ ០០០ ដុល្លារ និងសមាជិកក្រុមការងារចំនួន ២៦០០ដុល្លារទៀត សរុប ៧ ៦០០ដុល្លារ សម្រាប់ទុកប្រើប្រាស់ក្នុងវត្តតាមការចាំបាច់។