កំពង់ចាម៖នាព្រឹកថ្ងៃអាទិត្យ ១១កេីត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ប្រធានផ្នែកក្រសួង-ស្ថាប័ន នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានជនបង្គោលយុវជនថ្នាក់កណ្តាល ចុះជួយស្រុកព្រៃឈរ ខេត្តកំពង់ចាម បានអញ្ជេីញជាអធិបតីតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ាណែត ដើម្បីជួបសំណេះសំណាល បំពាក់បំប៉ននយោបាយសតិអារម្មណ៍ និងណែនាំអំពីតួនាទី ភារកិច្ចដល់យុវជនគណបក្សប្រជាជនកម្ពុជាចំនួន២៥៦នាក់ ក្នុងឃុំចំនួន៥ (វគ្គទី២) ក្នុងចំណោមឃុំទាំង១៥ នៃស្រុកព្រៃឈរ ដើម្បីឆ្ពោះទៅយកជ័យជម្នះនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៥ ឆ្នាំ២០២២ ខាងមុខ នៅទីស្នាក់ការគណបក្សស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ថា ក្នុងនាមជាយុវជនគណបក្សប្រជាជនកម្ពុជាក្នុងស្រុកព្រៃឈរ សូមអរគុណចំពោះការគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្សក្នុងពេលកន្លងមក ហើយសូមបន្តគាំទ្របេក្ខភាពថ្មីគឺ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគត។