កំពង់ចាម៖នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម លូ គឹម ឈុន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្រីសន្ធរ អញ្ជើញជាគណៈអធិបតីក្នុងពិធី សំណេះសំណាល ពិនិត្យ និងព្យាបាលជំងឺទូទៅជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលពិធីនេះធ្វើឡើងនៅក្នុងបរិវេណវិទ្យាល័យ ព្រែកដំបូក។
ក្នុងពិធីដ៏មានអត្ថន័យនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម ឡេង ផល្លី ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធានក្រុមការងារចុះជួយស្រុក, អភិបាលរងខេត្ត, ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត, អាជ្ញាធរមូលដ្ឋាន, ក្រុមការងារក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងបងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺ ប្រមាណជាង ១,០០០នាក់។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានថ្លែងថា ការបន្តបេសកកម្មដ៏ឧត្តុង្គឧត្តម ដើម្បីសុខភាពប្រជាជននាថ្ងៃនេះ គឺផ្តើមចេញពីកត្តាប្រទេសជាតិ ទទួលបានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងបុិនប្រសព្វប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ហេតុនេះយើងគ្រប់គ្នាត្រូវរួមគ្នាថែរក្សា ការពារសុខសន្តិភាពឱ្យបានគង់វង្សតរៀងទៅ។
ឯកឧត្តម អភិបាលខេត្ត ក៏បានគូសបញ្ចាក់ថា បច្ចុប្បន្នយើងគ្រប់គ្នាកំពុងរៀនរស់នៅតាមគន្លងប្រក្រតីភាពថ្មី។ ហេតុនេះ សូមឲ្យបងប្អូនយើង ចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា ដើម្បីបង្កើតភាពស៊ាំនៅក្នងសហគមន៍ និងចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាល រួមនឹងវិធានការ “៣ការពារ និង ៣កុំ” ដើម្បីសហគមន៍ជៀសផុតពីជំងឺកូវីដ១៩ ជាពិសេសវីរុសបម្លែងថ្មី ប្រភេទអូមីក្រុង ដែលកំពុងយាយីដល់សុខភាពប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋទូទាំងសាកលលោកផងដែរ៕