កំពង់ចាម៖សាខា កក្រក ខេត្តកំពង់ចាម ៖ នៅ ព្រឹកថ្ងៃសៅរ៍ ១០កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានចាត់ លោកជំទាវអនុប្រធានអចិន្ត្រៃយ៍សាខា រួមជាមួយ លោកនាយកប្រតិបត្តិសាខា មន្ត្រីអនុសាខាក្រុង ក្រុមកាកបាទក្រហមសង្កាត់ និង អ្នកស្ម័គ្រចិត្តភូមិ បានអញ្ជើញចុះសួរសុខទុក្ខ និង នាំយក អំណោយមនុស្សធម៌ ទៅផ្តល់ជូន ឈ្មោះ អែម យ៉េក អាយុ ៥០ឆ្នាំ ជាស្ត្រីមេម៉ាយ មានជំងឺប្រចាំកាយ រកស៊ីលក់នំអន្សម ដែលរងគ្រោះដោយអគ្គីភ័យ រស់នៅភូមិព្រែកដើមចាន់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ។ ហេតុការណ៍នេះ បានកើតឡើង កាលពីរសៀល ម៉ោង ២ និង២០នាទី ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ដោយសារតែឆ្លងចរន្តអគ្គិសនីចេញពីចង្ក្រានខាងក្រោយធ្វើអោយផ្ទះចាស់ ៣ខ្នង ធ្វើ ពីឈើ ប្រក់ក្បឿង ទំហំ ៨ម *១២ម រួមទាំង រថយន្ត ១គ្រឿង របស់កូន ត្រូវភ្លើងឆេះ អស់ទាំងស្រុង។
លោកជំទាវ ប៉ាង ដានី បានចូលរួមសម្តែងការសោកស្តាយជាពន់ពេក ជាមួយ គ្រួសាររងគ្រោះ ចំពោះឧប្បត្តិហេតុ មិននឹកស្មានដល់នេះ ដែលបានបំផ្លាញផ្ទះសម្បែង និងទ្រព្យសម្បត្តិ អស់គ្មានសល់ ។ លោកជំទាវអនុប្រធានអចិន្ត្រែយ៍ សាខា បានពាំនាំនូវបណ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីអាណិតអាសូរបំផុត ពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា និង ឯកឧត្តម ហ៊ុន ណេង ប្រធានកិត្តិយសសាខា ពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាល សម្តេច តែងតែគិតគូរ បារម្ភ អំពីសុខទុក្ខរបស់បង ប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង រួមទាំង ជនរងគ្រោះ ជនងាយរងគ្រោះបំផុត ដោយមិនប្រកាន់វណ្ណៈ ជាតិសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ ហើយតែងបានចាត់តំណាង នាំយកជំនួយសង្រ្គោះបន្ទាន់ ជួយសម្រាលទុក្ខលំបាក ជូនជនរងគ្រោះ ទាន់ពេលវេលា តាមទិសស្លោក ” ទីណាមានទុក្ខលំបាក ទីនោះមាន កាកបាទក្រហមកម្ពុជា ” ។
លោកជំទាវ ប៉ាង ដានី បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ពីគ្រោះអគ្គីភ័យ ដែលអាចកើតមានគ្រប់ពេល ប្រសិនបើ មានការធ្វេសប្រហែស ។ ដូចនេះ ពេលមិននៅ ឬ ចាកចេញពីផ្ទះ ត្រូវបិទកុងតាក់ភ្លើងអគ្គិសនី ពន្លត់ ភ្លើងចង្ក្រាន ហ្គាស ពន្លត់ទៀន ធូប ជាមុនសិន ដើម្បី បង្ការក្រែងកើតមានមហន្តរាយផ្សេងៗ ។ ម៉្យាងទៀត ការភ្ជាប់ចរន្តអគ្គិសនី ត្រូវពិនិត្យ រៀបចំ ត ដោយអ្នកជំនាញ អោយបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស និង ធានាបានសុវត្ថិភាព។
ជាមួយនោះ លោកជំទាវអនុប្រធានអចិន្ត្រៃយ៍សាខា ត្រូវយកចិត្តទុកដាក់ អំពីសុវត្ថិភាពផ្ទាល់ខ្លួនជាប្រចាំ ដោយត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួន តាមវិធានការសុខាភិបាល ” ៣កុំ ៣ការពារ និង ចូលរួមចាក់វ៉ាក់សាំង ទាំងដូសមូលដ្ឋាន និងដូសជំរុញ អោយបានគ្រប់ៗគ្នា ដើម្បី ជៀសអោយផុតពីការឆ្លងរាលដាល នៃជម្ងឺកូវីដ ១៩ បម្លែងថ្មី អូមីក្រុង ដ៏កាចសាហាវ នេះ ។
អំណោយមនុស្សធម៌ ដែលផ្តល់ជូន គ្រួសារ រងគ្រោះ រួមមាន ៖ អង្ករ ៥០គក្រ, មីជាតិ ២កេស, ត្រីខ ២យួរ , ទឹកត្រី ២យួរ ,ទឹកស៊ីអ៊ីវ ២យួរ, ឃីត (មុង ភួយ សារុង ក្រម៉ា ) ២កញ្ចប់, តង់ ២, អាវយឺត ៨, និងថវិកា ១,៣០០,០០០រៀល ។ ជាមួយនោះ ក្រុមការងារចុះជួយសង្កាត់ ក៏បានផ្តល់ជូន ៤០០,០០០រៀល ផងដែរ ។
ដោយឡែក អ្នកជិតខាងដែលរងគ្រោះស្រាល ១គ្រួសារទៀត ផ្តល់ជូន ២០០,០០០រៀល។