អភិបាលខេត្តកំពង់ចាម អញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងពិនិត្យវឌ្ឍនភាពហេដ្ឋារចនាសម្ព័ន្ធ រួមនឹងគម្រោងអភិវឌ្ឍមួយចំនួនទៀត ក្នុងក្រុងកំពង់ចាម


កំពង់ចាម៖នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ទីរអង្គភាពជំនាញ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីបច្ចេកទេស អញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅសង្កាត់សំបួរមាស និងពិនិត្យគម្រោងការងារស្ថាបនាកំណាត់ផ្លូវក្រុងលេខ៩២ ប្រភេទបេតុង ១ខ្សែ ស្ថិតនៅជាប់សាលាបឋមសិក្សា និងវិទ្យាល័យសំបួរមាស និង ១ខ្សែផ្សេងទៀត ស្ថិតនៅលើកំណាត់ផ្លូវក្រុងលេខ៥១ ចំណុចផ្សារព្រែកដើមចាន់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម។

បន្ទាប់មក ឯកឧត្តម អភិបាលខេត្តបន្តដឹកនាំក្រុមការងារ អញ្ជើញចុះ សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវបេតុង ចំនួន ១ខ្សែ ផ្សេងទៀត ស្ថិតនៅក្នុងភូមិ មេម៉ាយ សង្កាត់បឹងកុក ក្រុងកំពង់ចាម។

ក្នុងឱកាសនោះឯកឧត្តម អុ៊ន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា សមិទ្ធផលដែលបានលេចរូបរាងឡើងជាបន្តបន្ទាប់ គឺដោយសារកត្តាប្រទេសជាតិមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់កបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម អភិបាលខេត្ត ក៏បានជំរុញឱ្យក្រុមហ៊ុនទទួលការ ធ្វើការស្ថាបនាផ្លូវគមនាគមន៍ខាងលើឱ្យមានគុណភាពខ្ពស់ ស្របទៅតាមបទដ្ឋានស្តង់ដារបច្ចេកទេស ដោយស្ថិតនៅក្រោមការត្រួតពិនិត្យយ៉ាងហ្មត់ចត់ពីគណៈកម្មការថែទាំគម្រោង និងអ្នកពាក់ព័ន្ធ សំដៅធ្វើយ៉ាងណាឲ្យផ្លូវខាងលើបានប្រើប្រាស់គង់វង្ស យូរអង្វែង។