អភិបាលខេត្តកំពង់ចាម ជម្រុញដល់ប្រជាកសិករដាំធុរ៉េន នៅឃុំគីឡូ១០ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ រួមគ្នាបង្កើតទៅជាសហគមន៍


ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម បានជម្រុញដល់ប្រជាកសិករ ដាំធុរ៉េន រួមគ្នាបង្កើតទៅជាសហគមន៍ ពីព្រោះថា វាបានផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន សម្រាប់បងប្អូនផ្ទាល់ ។ ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយជាកសិករ ជាអ្នកដាំធុរ៉េន ស្ថិតនៅក្នុងភូមិគីឡូ១០ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ប្រមាណជា ៩០គ្រួសារ ដែលពិធីនេះ បានរៀបចំដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម ដើម្បី ណែនាំបច្ចេកទេសនានា នៃការដាំដុះ និងការថែទាំធុរ៉េន ទៅដល់ប្រជាកសិករ នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ នេះ ។
ឯកឧត្ដម គួច ចំរើន មានប្រសាសន៍ថា ការបង្កើតទៅជាសហគមន៍នេះ គឺវាបានផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនត្រឡប់មកវិញ ជាពិសេស គឺបានពង្រឹងវិស័យធុរ៉េន នៅតំបន់បែកអន្លូង រក្សាបានកិត្តិយស និងកេរ្តិ៍ឈ្មោះ កាន់តែល្បីល្បាញ ថែមទៀត ។ ក្រៅពីនោះ វានឹងផ្ដល់នូវភាពងាយស្រួល ដល់ប្រជាកសិករយើងផ្ទាល់ ព្រោះថា យើងមានប្រធានសហគមន៍ផ្ទាល់ ហើយបានផ្ដល់ព័ត៌មាន អំពីហេតុផល នៃជម្ងឺឆ្លងផ្សេងៗដែលមកយាយី ចំការដំណាំរបស់បងប្អូន ដើម្បី សុំឲ្យជំនាញចុះមកណែនាំ និងជួយដោះស្រាយ បានទាន់ពេលវេលា ។ ជាមួយគ្នានោះដែរ យើងក៏អាចគ្រប់គ្រង និងពង្រឹងនូវតម្លៃ នៅលើទីផ្សារបានដែរ ។ មួយផ្នែកទៀត យើង ក៏ឈានទៅចុះជាទំនិញសម្គាល់ភូមិសាស្ត្រ ឬចុះ GI ដើម្បី សុំការទទួលស្គាល់ ពីក្រសួងពាណិជ្ជកម្ម ផងដែរ ។ ក្រៅពីនោះ ជាធម្មតា ការប្រមូលផលធុរ៉េន គឺមានរយៈពេល ប្រមាណជា ២ខែ ប៉ុណ្ណោះ អញ្ចឹងទេ! គឺទាមទារឲ្យប្រជាកសិករ ជាម្ចាស់ចំការទាំងអស់ ឯកភាពគ្នាជាសហគមន៍ ដោយកែប្រែតំបន់ធុរ៉េននេះ ទៅជាកសិកម្មទេសចរណ៍ ដើម្បី ទាក់ទាញនូវភ្ញៀវទេសចរណ៍ មកទស្សនាកំសាន្ត ដែលជាផ្នែកមួយ ក្នុងការរកប្រាក់ចំណូល សម្រាប់សហគមន៍ទាំងមូល ផងដែរ ។
លោក គឹម សាវឿន ប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម គូសបញ្ជាក់ថា នៅទូទាំងខេត្ត មានផ្ទៃដីដាំដុះដំណាំកសិឧស្សាហកម្មប្រមាណជា ៨៦.៨២៤ហ.ត ក្នុងនោះ ស្វាយចន្ទីចំនួន ២១.៣៣៩ហត ស្វាយហូបផ្លែ ២.៥៩៦ហ.ត ចេក ៣.៥៥៧ហ.ត ម្រេច ២២៥ហ.ត កៅស៊ូ ៣៦.៨២៤ហ.ត និងធុរ៉េន ៤៥៣ហ.ត ។ ដោយឡែក នៅស្រុកស្ទឹងត្រង់ មានផ្ទៃដីដាំធុរ៉េន ចំនួន ៣០៣,៧៨ហ.ត ក្នុងនោះ ធុរ៉េនដែលបាននឹងប្រមូលផលមានផ្ទៃដី ២៣០,៥០ហ.ត ។
សូមបញ្ជាក់ដែរថា នាឱកាសជួបជុំនោះដែរ ប្រជាកសិករ អ្នកដាំធុរ៉េនទាំងអស់ ក៏បានស្វែងយល់អំពីបច្ចេកទេស នៃការដាំដុះ រួមជាមួយនឹង ការបង្ហាញទៅលើ ចំណុចខ្វះខាតនានា របស់ប្រជាកសិករ ទាក់ទងទៅនឹង ការថែទាំ ការប្រើប្រាស់ជី និងការព្យាបាល លើដំណាំធុរ៉េន ពីមន្ត្រីជំនាញបច្ចេកទេស ផងដែរ ។
ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្ត ក៏បានផ្ដល់នូវវត្ថុកំដរដៃ ទៅដល់ប្រជាកសិករ ដែលបានចូលរួមទាំងអស់ ក្នុងម្នាក់ៗ ទទួលបាន ជី ១ប៊េ ផងដែរ ៕