អភិបាលខេត្តកំពង់ចាម អញ្ជើញបើកបវេសនកាលឆ្នាំសិក្សា និងទិវាគ្រូបង្រៀន ឆ្នាំសិក្សា២០១៨-២០១៩ នៅវិទ្យាល័យព្រះសីហនុ


ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត រួមជាមួយ ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សា ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០១ វិច្ឆិកា ឆ្នាំ២០១៨ នេះ បានអញ្ជើញក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា និងទិវាគ្រូបង្រៀន ឆ្នាំសិក្សា២០១៨-២០១៩ នៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម ។ ពិធីនោះ មានការអញ្ជើញចូលរួម ពីឯកឧត្ដម ជាអភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាព អាជ្ញាធរមូលដ្ឋាន ព្រមទាំង មាតាបិតា ឬអាណាព្យាបាលសិស្ស លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅតាមវិទ្យាល័យ អនុវិទ្យាល័យ បឋមសិក្សា នៃក្រុងកំពង់ចាម សរុបប្រមាណជាង ២.០០០នាក់ ។
លោក លី ម៉េងសាន ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តកំពង់ចាម បានគូសបញ្ជាក់ថា ក្នុងឆ្នាំសិក្សា២០១៨-២០១៩នេះ នៅទូទាំងខេត្ត មានមត្តេយ្យសិក្សា ២៧០កន្លែង សិស្ស ចំនួន២៣.៧១៥នាក់ ។ បឋមសិក្សា មានចំនួន ៤០៦កន្លែង មានសិស្ស ចំនួន ១៤២.២៤៦នាក់ ។ មធ្យមសិក្សា មានចំនួន ១២៣កន្លែង ក្នុងនោះ វិទ្យាល័យ ៤៣កន្លែង មានសិស្ស ចំនួន ៦៣.៧២៥នាក់ ។
បន្ទាប់ពីការអាននូវសាលិខិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០១៨-២០១៩ ថ្លែងនាឱកាសនោះ ឯកឧត្ដម គួច ចំរើន បានវាយតម្លៃខ្ពស់ ចំពោះ មន្ត្រីអប់រំទាំងអស់ ក៏ដូចជា លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ ក្មួយៗសិស្សនុសិស្ស និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ បំពេញតួនាទី ភារកិច្ច ប្រកបដោយស្មារតី ឆន្ទៈ ខ្ពង់ខ្ពស់បំផុត និងថ្លែងនូវការអរគុណ ចំពោះ អង្គការជាតិ អន្តរជាតិ អង្គការក្រៅរាជរដ្ឋាភិបាល ដែលបានឧបត្ថម្ភគ្រប់បែបយ៉ាង ដើម្បី រួមចំណែកកសាង និងអភិវឌ្ឍវិស័យអប់រំ ប្រកបដោយលទ្ធផលគួរឲ្យកត់សម្គាល់ ។ ឯកឧត្ដម មានប្រសាសន៍ថា ជាការពិតណាស់ ការអប់រំ និងការកសាងធនធានមនុស្ស ត្រូវតែឆ្លងកាត់ការបណ្ដុះបណ្ដាលក្នុងសាលារៀន ដែលមានគ្រូបង្រៀន «គឺជាអ្នកសម្រួចអនាគតសិស្ស ជាឪពុកម្ដាយទី២ និងជាវិស្វករព្រលឹង នៃយុវជនជំនាន់ក្រោយ» ។ ប៉ុន្តែ វាត្រូវមានកិច្ចសហការ ពីមាតាបិតា អាណាព្យាបាល ចាស់ព្រឹទ្ធាចារ្យ និងមហាជនទូទៅ ក្នុងសង្គមគ្រួសារ និងសង្គមជាតិទាំងមូល ផងដែរ ។ ដូច្នេះ មាតាបិតា អាណាព្យាបាលសិស្ស មានតួនាទីសំខាន់ ក្នុងការរួមចំណែក ជម្រុញកុលបុត្រ កុលធិតា របស់ខ្លួន ឲ្យព្យាយាម ខិតខំសិក្សារៀនសូត្រ ដើម្បី ជួយពង្រឹងឲ្យកូន ចៅ ខ្លួន មានការទទួលខុសត្រូវលើខ្លួនឯង មានសីលធម៌ និងអាកប្បកិរិយាថ្លៃថ្នូរ ក្លាយខ្លួនជា ៖ «កូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ» ដែលមានចំណេះដឹង និងការអភិវឌ្ឍវិជ្ជាជីវៈ ជាមូលដ្ឋាន ដ៏សំខាន់ សម្រាប់ឈោងទៅបំពេញបន្ថែម នូវជំនាញជាន់ខ្ពស់នានា បន្ថែមទៀត ។
ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្ដម គួច ចំរើន ក៏បានសំណូមពរទៅដល់មាតាបិតា ឬអាណាព្យាបាលសិស្ស ត្រូវបញ្ជូនកូ ចៅ ដល់វ័យសិក្សា ឲ្យចូលសាលារៀន ឲ្យបានគ្រប់ៗគ្នា ។ យកចិត្តទុកដាក់ជម្រុញ និងដាសតឿនកូនចៅ ឲ្យខិតខំសិក្សារៀនសូត្រ ទាំងក្នុង និងក្រៅសាលា ។ ទន្ទឹមជាមួយនោះ ក៏សូមឲ្យមាតាបិតា ឬអាណាព្យាបាលសិស្ស សប្បុរសជន អាជ្ញាធរដែលដីគ្រប់លំដាប់ថ្នាក់ មេត្តាចូលរួម ជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត តាមរយៈ ការជួយជួសជុល សាងសង់អគារសិក្សា បណ្ណាល័យ បង្គន់អនាម័យ តបណ្ដាញទឹកស្អាត ទីលានកីឡានានា និងថែរក្សាការពារទ្រព្យសម្បត្តិរួម ទុកសម្រាប់កូនចៅ បានចូលសិក្សារៀនសូត្រ បានយូរអង្វែង និងគង់វង្ស តទៅអនាគត ។ ដោយឡែក ក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវចងចាំថា ៖ «ក្មួយៗ ជាអ្នកកាន់កូនសោ សម្រាប់បើកជោគវាសនា របស់ខ្លួននាពេលអនាគត ហើយមានតែការអប់រំ និងចំណេះដឹងប៉ុណ្ណោះទេ ដែលអាចបើកផ្លូវឲ្យក្មួយៗ ទទួលបានអនាគតរុងរឿង» ។ ចំណេះវិជ្ជា គឺជាទ្រព្យសម្បត្តិ មិនចេះរីងស្ងួត ព្រមទាំង បង្កើតនូវកិត្តិយស និងភាពថ្លៃថ្នូរដល់ខ្លួនឯង និងក្រុមគ្រួសារ ។ ដូច្នេះ ចូរក្មួយៗ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ធ្វើខ្លួនឲ្យក្លាយជា ៖ «កូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ» និងត្រូវជៀសវាងការប្រព្រឹត្តអំពើមិនគប្បីទាំងឡាយ ដែលជាកង្វល់ចំពោះមុខ របស់សង្គមគ្រួសារ និងសង្គមជាតិទាំងមូល ផងដែរ ៕