លោក ស្រី សុភ័ក្ត្រ ប្រធានក្រុមការងារយុវជនគណបក្សខេត្ត ចូលរួមជាគណៈអធិបតីក្នុងអង្គសន្និបាតគណបក្សឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម


កំពង់ចាម៖នៅព្រឹកថ្ងៃអាទិត្យ ៧កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ០៩ ខែ មករា ឆ្នាំ ២០២២ តាមការចាត់តាំងរបស់គណៈកម្មាធិការគណបក្សខេត្ត លោក ស្រី សុភ័ក្ត្រ សមាជិកយុវជនគណបក្សថ្នាក់កណ្ដាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ចាម បានអញ្ជើញចូលរួមគណៈអធិបតីក្នុងអង្គសន្និបាតគណកម្មាធិការគណបក្សមូលដ្ឋាន ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម ដែលពិធីនេះ បានប្រព្រឹត្តទៅដោយមានការចូលរួមជាគណៈអធិបតីពីសំណាក់ ឯកឧត្តម ប្រាក់ កុសល ប្រធានក្រុមការងារគណបក្សចុះជួយឃុំព្រែកក្របៅ និងមានការចូលរួមពីសមាជិកសមាជិកាគណបក្សឃុំ ប្រមាណ ១៥០នាក់។

ក្នុងកម្មវិធីនេះ លោក ស្រី សុភ័ក្ត្រ បានមានប្រសាសន៍សំណេះសំណាល និងបានប្រកាសបើកដំណើរការអង្គសន្និបាត ហើយអង្គសន្និបាត បានប្រព្រឹត្តទៅ ទៅតាមកម្មវិធីដែលបានព្រាងទុក មានរយៈពេលមួយព្រឹក និងមានលទ្ធផលល្អប្រសើរ។

អង្គសន្និបាត បានសម្រេចបាននូវភារកិច្ចសំខាន់ៗធំៗពីរ គឺ
+ ឆ្លង និងអនុម័តរបាយការណ៍សមិទ្ធផល រយៈពេល៥ឆ្នាំកន្លងមក នៃក្រុមប្រឹក្សាអាណត្តិទី៤ (២០១៧-២០២២) និងការដាក់ចេញគោលនយោបាយសម្រាប់អនុវត្តរយៈពេល ៥ឆ្នាំទៅមុខទៀត នៃក្រុមប្រឹក្សាអាណត្តិទី៥ (២០២២-២០២៧)
+ បង្ហាញមុខបេក្ខជនរបស់គណបក្ស សម្រាប់ចុះឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំអាណត្តិទី៥ ៕